ចិននិយាយនៅថ្ងៃអង្គារនេះថា ពួកគេនឹងការពារយ៉ាងពេញលេញសន្តិសុខនាវាគ្រប់គ្រងដោយចិន និងសមាជិកនាវិករបស់ខ្លួននៅច្រកសមុទ្រ Hormuz ស្របពេលដែលទីក្រុងប៉េកាំង ស្វាគមន៍អនុស្សរណៈយោគយល់ដំណាក់កាលដំបូងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលរួមបញ្ចូលការផ្តល់ជូនការបើកដែនទឹកឡើងវិញផងដែរ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ច្រកសមុទ្រ Hormuz គឺជាច្រកសមុទ្រត្រូវបានប្រើប្រាស់សម្រាប់ការធ្វើនាវាចរណ៍អន្តរជាតិ ហើយការស្តារសន្តិសុខ និងការឆ្លងកាត់ដោយសេរីតាមច្រកសមុទ្រមួយនេះ បម្រើផលប្រយោជន៍ភាគីទាំងអស់ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងបឋម ដើម្បីបញ្ចប់ជម្លោះ ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើទោះបីជារឿងរ៉ាវលម្អិត នៅពុំបានបញ្ចេញឲ្យដឹងជាសាធារណៈក៏ដោយ ហើយប្រទេសទាំង ២ និយាយថា បទឈប់បាញ់ជាអចិន្រ្តៃយ៍ នៅត្រូវការចរចាទៀត ក្នុងនោះអនុស្សរណៈយោគយល់ត្រូវបានគេកំណត់ឲ្យចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រខាងមុខនេះ ក្នុងប្រទេសស្វីស ។
ទោះបីជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានលើកឡើងថា ពួកគេនៅតែរក្សាការគ្រប់គ្រងជាមួយអូម៉ង់លើច្រកសមុត្រមួយនេះ ខណៈដែលសហរដ្ឋអាមរិកនិយាយថា ច្រកសមុទ្រ Hormuz នឹងត្រូវបើកដោយឥតគិតថ្លៃសម្រាប់រយៈពេល ៦០ថ្ងៃ ហើយពួកគេរំពឹងថា ការផ្តល់ជូននេះ នឹងក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រ ៕