ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) នេះ បានស្នើទៅអ៊ីស្រាអែលឲ្យអនុញ្ញាតឲ្យស៊ីរី «ដោះស្រាយជាមួយក្រុមហេសបូឡា» នៅក្នុងប្រទេសលីបង់។
អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅប្រទេសបារាំង លោក Trump បាននិយាយថា៖ «បុគ្គលដែលកំពុងដឹកនាំប្រទេសស៊ីរី នាពេលនេះ គឺជាមនុស្សម្នាក់ដែលខ្ញុំបានគាំទ្រ។ រូបគេទទួលខុសត្រូវយ៉ាងខ្លាំង ចំពោះប្រទេសស៊ីរី»។
លោកបានបន្តថា៖ «រួមជាមួយប្រធានាធិបតី (ទួរគី) លោក (Recep Tayyip) Erdogan និងមេដឹកនាំផ្សេងទៀតមួយចំនួន រូបគេ (មេដឹកនាំស៊ីរី) កំពុងធ្វើការងារដ៏អស្ចារ្យក្នុងការបង្រួបបង្រួមគ្នា។ រូបគេមិនមែនជាក្មេងប្រុសកាយរឹទ្ធិទេ ប៉ុន្តែរូបគេបានធ្វើការងារដ៏អស្ចារ្យក្នុងការបង្រួបបង្រួមគ្នា ហើយរូបគេមានសមត្ថភាពល្អណាស់»។
ដោយរិះគន់វិធានការរបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ លោក Trump ក៏បាននិយាយផងដែរថា រូបលោកបានស្នើឲ្យអ៊ីស្រាអែលអនុញ្ញាតឲ្យស៊ីរីតទល់នឹងក្រុមហេសបូឡាជំនួសវិញ។ លោកបាននិយាយថា៖ «ខ្ញុំបានស្នើទៅអ៊ីស្រាអែលឲ្យអនុញ្ញាតឲ្យស៊ីរីដោះស្រាយជាមួយក្រុមហេសបូឡា ព្រោះនិយាយដោយស្មោះត្រង់ជាមួយអ្នកទាំងអស់គ្នា ខ្ញុំគិតថា ពួកគេនឹងធ្វើការងារបានល្អជាងក្នុងការដោះស្រាយជាមួយក្រុមនេះ»។
លោកបានបន្ថែមដោយសង្កត់ធ្ងន់ថា៖ «ប្រសិនបើអ៊ីស្រាអែលមិនអាចធ្វើការងារនេះ (ប្រឆាំងនឹងក្រុមហេសបូឡា) ដោយមិនចាំបាច់សម្លាប់អ្នកផ្សេងនោះទេ (លោក Ahmed al-Sharaa) នឹងធ្វើការងារនេះ។ ប្រទេសស៊ីរីនឹងធ្វើការងារនេះ»៕