នាវាជាច្រើនគ្រឿង ត្រូវបានគេមើលឃើញនៅក្នុងសមុទ្រជុំវិញច្រកសមុទ្រ Hormuz ជិតតំបន់ឆ្នេរខេត្ត Musandam របស់អូម៉ង់ នាព្រឹកថ្ងៃអង្គារនេះ ស្របពេលដែលកិច្ចព្រមព្រៀងសន្តិភាពសហរដ្ឋអាមេរិក-អ៊ីរ៉ង់ សន្យាបញ្ចប់សង្រ្គាម ប៉ុន្តែការបញ្ចប់សង្រ្គាមបែបណានោះ គេនៅពុំទាន់ដឹងច្បាស់នោះទេ ។
ភាពមន្ទិលសង្ស័យ បានកើតមានជុំវិញកិច្ចព្រមព្រៀងបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ស្របពេលដែលក្រុមហ៊ុនដឹកជញ្ជូននិយាយថា ពួកគេអាចត្រូវការចំណាយពេលច្រើនសប្តាហ៍ សម្រាប់ជំនឿចិត្តវិលត្រឡប់ទៅរកការដឹកជញ្ជូនវិញ ក្រោយការបើកឡើងវិញណាមួយនៅច្រកសមុទ្រ Hormuz ហើយសំនួរជាមូលដ្ឋានគ្រឹះ នៅពុំទាន់បានឆ្លើយនោះទេ ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងបឋម ដើម្បីបញ្ចប់ជម្លោះ ត្រូវបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើទោះបីជារឿងរ៉ាវលម្អិត នៅពុំបានបញ្ចេញឲ្យដឹងជាសាធារណៈក៏ដោយ ហើយប្រទេសទាំង ២ និយាយថា បទឈប់បាញ់ជាអចិន្រ្តៃយ៍ នៅត្រូវការចរចាទៀត ក្នុងនោះអនុស្សរណៈយោគយល់ត្រូវបានគេកំណត់ឲ្យចុះហត្ថលេខាជាផ្លូវការនៅថ្ងៃសុក្រខាងមុខនេះ ក្នុងប្រទេសស្វីស ។
គួរឲ្យដឹងថា កាលថ្ងៃចន្ទម្សិលមិញ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយថា នាវាពាណិជ្ជកម្មដោតទង់ជាតិសហរដ្ឋអាមេរិក ២គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ស្របពេលដែលនាវាពិឃាតបំពាក់មីស៊ីលតម្រង់គោលដៅកងទ័ពជើងទឹកអាមេរិក ប្រតិបត្តិការនៅតំបន់ឈូងសមុទ្រ ។
ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងអាមេរិក កំពុងជួយយ៉ាងសកម្មដល់កិច្ចខិតខំស្តាឡើងវិញការឆ្លងកាត់សម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្ម ៕