រដ្ឋមន្រ្តីហិរញ្ញវត្ថុប៉ាគីស្ថានលោក Muhammad Aurangzeb និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប៉ាគីស្ថានអាចធ្វើឲ្យល្អប្រសើរឡើងការព្យាករសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៧ ក្រោយបញ្ចប់សង្រ្គាមអ៊ីរ៉ង់ ប៉ុន្តែវាហាក់ដូចជាឆាប់ពេកហើយក្នុងការកែប្រែថវិកាជាតិនោះ ។ លោកបានថ្លែងបែបនេះ រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមរបស់ពួកគេ ។
លោក Aurangzeb និយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពលខូចខាតមានន័យថា ខ្សែចង្វាក់ផ្គត់ផ្គង់នឹងត្រូវការពេលវេលា ដើម្បីវិលត្រឡប់ទៅរកសភាពធម្មតាវិញ ក្រោយជម្លោះជំរុញឲ្យអតិផរណាវិលត្រឡប់ទៅរកលេខ ២ខ្ទង់ ។
លោក Aurangzeb ដែលជាអតីតធនាគារិក បានបង្ហាញថវិកាជាតិ ៣លើកជាប់ៗគ្នា ដែលជារឿងដ៏កម្រមួយនៅក្នុងប្រទេសប៉ាគីស្ថាន ជាទីដែលរដ្ឋាភិបាលតែងតែមិនអាចបញ្ចប់អាណត្តិរបស់ខ្លួន ហើយរដ្ឋមន្រ្តីហិរញ្ញវត្ថុត្រូវបានជំនួសតំណែងជាញឹកញាប់ ។
ថវិកាជាតិ FY27 របស់ប៉ាគីស្ថាន ដែលបានបង្ហាញជូនសភាកាលពីថ្ងៃសុក្រសប្តាហ៍មុន មានគោលដៅកំណត់កំណើនសេដ្ឋកិច្ច ៤ភាគរយ និងអតិផរណា ៨,២ភាគរយ ។ វាបានបង្កើនថវិកាការពារជាតិដល់ ១០,៨ពាន់លានដុល្លារ ខណៈពឹងផ្អែកលើប្រាក់ចំណូលពន្ធខ្ពស់ជាងមុន ដើម្បីបន្តដំណើរការកម្មវិធីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) តម្លៃ ៧ពាន់លានដុល្លារ ៕