ក្រុមកាកបាទក្រហមបូលីវី បានចែកចាយជំនួយមនុស្សធម៌ជាស្បៀងអាហារដល់អ្នកបើកបររថយន្តដឹកជញ្ជូន ដែលបានជាប់ខ្លួនលើដងផ្លូវ ដោយសារការបិទផ្លូវអស់រយៈពេល ១ខែមកហើយ នៅទូទាំងប្រទេស ដើម្បីទាមទារឲ្យលោកប្រធានាធិបតី Rodrigo Paz's លាលែងពីតំណែង និងផ្លាស់ប្តូរវិធានការសេដ្ឋកិច្ចរបស់លោក ។
ក្រុមកាកបាទក្រហមបូលីវី និយាយថា បេសកកម្មទី ២ បាននាំជំនួយ និងស្បៀងអាហារដល់អ្នកបើកបររថយន្តដឹកជញ្ជូន កាលពីថ្ងៃចន្ទ ក្រោយការចែកចាយជំនួយលើកដំបូងដល់អ្នកបើកបរដែលបានជាប់ខ្លួននៅតាមផ្លូវចេញពីព្រំដែនឈីលី ទៅកាន់រដ្ឋធានី La Paz ។
ក្រុមអ្នកសារព័ត៌មានមកពីទីក្រុង Oruro និយាយថា បេសកកម្មនេះ រួមទាំងស្ថាប័ន និងក្រុមសង្គមស៊ីវិល ដូចជាការិយាល័យ Ombudsman និងក្រុម Círculo de Mujeres Periodistas ។
គួរឲ្យដឹងថា ភាពរំជើបរំជួលស៊ីវិល បានចាប់ផ្តើមកាលពីថ្ងៃទី ១ ខែឧសភា ក្នុងនោះកូដកម្មថ្នាក់ជាតិ ត្រូវបានអំពាវនាវឡើងដោយក្រុមសហជីព Central Obrera Boliviana ដែលជាសហជីពធំបំផុតរបស់បូលីវី ។
ក្រោយមក ក្រុមកសិករ និងក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីលោក Evo Morales បានចូលរួមបាតុកម្មនេះ ក្នុងនោះការបិទផ្លូវ បានរីករាយដាលនៅទូទាំងប្រទេស ពេញរយៈពេល ១ខែ ហើយទីក្រុង La Paz រងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេបំផុត ៕