អ្នកវិភាគនិយាយថា កិច្ចព្រមព្រៀងសន្តិភាពរបស់អ៊ីរ៉ង់-សហរដ្ឋអាមេរិក ទំនងជាពង្រឹងឥទ្ធិពលរបស់កុ្រមហេសបូឡានៅប្រទេសលីបង់ បើទោះបីជាមានការបាត់បង់យ៉ាងធ្ងន់ធ្ងររបស់ក្រុមជីវពលមួយនេះ នៅក្នុងសង្រ្គាមរបស់ពួកគេជាមួយអ៊ីស្រាអែលក៏ដោយ ស្របពេលដែលអ្នកស្រុកនៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត បង្ហាញភាពពុំច្បាស់លាស់ចំពោះអ្វីនឹងកើតឡើងបន្ទាប់ ។
លោក Mohanad Hage Ali គឺជាអ្នកវិភាគមួយរូបនៅមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយតំបន់មជ្ឈិមបូព៌ា Carnegie និយាយថា កិច្ចព្រមព្រៀងនេះ ផ្តល់ភាពធូរស្រាលរយៈពេលខ្លី ក្នុងនោះពលរដ្ឋជម្លៀសខ្លួន បានវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញហើយ ប៉ុន្តែលោកបានព្រមានថា ការងារប្រឈមរយៈពេលវែងនៅតែមានដដែល ។
លោកបន្តថា កិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំរបស់លីបង់ ក្នុងការរំសាយអាវុធក្រុមហេសបូឡា នៅដំណាក់កាលបន្ទាប់ ។ ក្នុងរយៈពេលវែង វាទំនងជាក្រុមហេសបូឡានឹងទទួលបានអនុភាពរបស់ខ្លួន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលលីបង់ ។
សូមបញ្ជាក់ថា ការប្រយុទ្ធគ្នានៅតំបន់ភាគខាងត្បូងលីបង់ បានធូរស្រាលកាលពីថ្ងៃចន្ទ ក្រោយកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះទ្រង់ទ្រាយធំ ត្រូវបានប្រកាសឡើង ប៉ុន្តែការវាយប្រហារយានដ្រូនអ៊ីស្រាអែល បានសម្លាប់មនុស្សម្នាក់ ហើយក្រុមអាជ្ញាធរព្រមានពលរដ្ឋជម្លៀសខ្លួនថា មិនត្រូវប្រញាប់ប្រញាល់វិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញនោះឡើយ ស្របពេលដែលអ៊ីស្រាអែលនិយាយថា ពួកគេនឹងរក្សាទាហានរបស់ខ្លួននៅតំបន់ភាគខាងត្បូងប្រទេស ។
លីបង់បានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារចំហាយសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងនោះ មនុស្សជិត ៣.៨០០នាក់ ត្រូវបានសម្លាប់ ហើយមនុស្សប្រហែល ១,២លាននាក់ បានរត់ភៀសខ្លួនចេញពីការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដែលបានបើកការវាយប្រហារដោយរគ្រាប់រ៉ុក្កែតលើតំបន់ភាគខាងជើងអ៊ីស្រាអែល ដើម្បីគាំទ្រទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី ២ ខែមីនា ៕