នៅតំបន់កាន់កាប់វ៉េសប៊ែង ជនប៉ាឡេស្ទីនកាត់សាសន៍អាមេរិករស់នៅក្នុងទីក្រុង Deir Dibwan ស្ថិតនៅជិតទីក្រុង Ramallah របស់តំបន់កាន់កាប់វ៉េសប៊ែង និយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អាចបញ្ឈប់អំពើហិង្សារបស់ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែលបាន បើសិនជាលោកចង់ធ្វើ ស្របពេលដែលពលរដ្ឋខកចិត្តកាន់តែខ្លាំងចំពោះការវាយប្រហារកើនឡើងនៅតំបន់រស់នៅរបស់ពួកគេ ជាពិសេសនៅក្រោយពេលទីក្រុងវ៉ាស៊ីនតោន ប្រកាសកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ។
សេចក្តីអត្ថាធិប្បាយបែបនេះ បានកើតមានឡើង ក្រោយការវាយប្រហារដុតកម្ទេចចោទប្រកាន់ នៅក្នុងភូមិ Burqa ជាទីដែលអ្នកស្រុកនិយាយថា ព្រះវិហារមួយកន្លែង និងព្រទ្យសម្បតិ្តនៅក្បែរនោះ បានក្លាយជាការគោលដៅវាយប្រហារ បណ្តាលឲ្យខូចខាត និងបង្ខំឲ្យមានកិច្ចខិតខំសង្រ្គោះបន្ទាន់ ដើម្បីពន្លត់អគ្គិភ័យ ។
លោក Yasser Rasheed វ័យ ៩២ឆ្នាំ គឺជាជនប៉ាឡេស្ទីនកាត់សាសន៍អាមេរិកមួយរូប និងកាន់លិខិតឆ្លងដែនអាមេរិកដែលរស់នៅក្នុងទីក្រុង Deir Dibwan និយាយថា ពួកយើងគ្មានអាវុធក្នុងដៃនោះទេ ហើយក្រុមតាំងលំនៅនិគមន៍ប្រដាប់ដោយសុទ្ធតែអាវុធ ។ តើអ្វីទៅដែលពួកយើងអាចធ្វើបាននោះ?
សេវាកម្មសង្រ្គោះបន្ទាន់ប៉ាឡេស្ទីន ត្រូវបានបញ្ជូនទៅកាន់ព្រះវិហារមួយកន្លែងស្ថិតនៅជិតទីក្រុង Ramallah ក្រោយអ្នកស្រុករាយការណ៍ពីការវាយប្រហាររបស់ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល ។
ប្រធានក្រុមប្រឹក្សាភូមិ Burqa និយាយថា ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានដុតទ្វារចូលរបស់ព្រះវិហារ ពេលដែលពួកគេមិនអាចចូលក្នុងព្រះវិហារបាន ជាទីដែលការខូចខាតច្រើនជាងនេះ អាចនឹងកើតឡើង ។
លោកបន្តថា ក្រុមអន្ធពាលទាំងនេះ ចូលមកប្រដាប់ដោយសម្ភារៈគ្រប់ប្រភេទ ដើម្បីដុតទ្វារ ជញ្ជាំង និងដំបូលព្រះវិហារ ។
ឧបទ្ទេវហេតុនៅក្នុងភូមិ Burqa បានកើតមានឡើង បន្ទាប់ពីការវាយប្រហារដាច់ដោយឡែកមួយផ្សេងទៀតកាលពីល្ងាចថ្ងៃអាទិត្យ នៅទីក្រុង Deir Dibwan ជាទីដែលក្រុមវាយប្រហារ បានដុតកម្ទេចចោលរថយន្ត ២គ្រឿង ៕