ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និយាយថា អ៊ីរ៉ង់ត្រូវតែផ្លាស់ប្តូរជាមូលដ្ឋាននូវឥរិយាបថរបស់ពួកគេ មុនពេលទណ្ឌកម្មសហភាពអឺរ៉ុប(EU)ណាមួយអាចដកចេញបាន ។
លោកស្រី Von der Leyen បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅថ្ងៃពុធស្អែកនេះ EU និងបារាំង នឹងចុះហត្ថលេខាលើប្រាក់កម្ចី ១៧,៤២ពាន់លានដុល្លារ តាមរយៈកម្មវិធីចំណាយការពារជាតិ SAFE របស់ EU ។
ការពិភាក្សាជំហានបន្ទាប់លើបញ្ហាអ៊ីរ៉ង់ ក្រោយសហរដ្ឋអាមេរិក និងទីក្រុងតេអេរ៉ង់ និយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងបឋម ដើម្បីបញ្ចប់សង្រ្គាមរបស់ពួកគេ នឹងស្ថិតក្នុងចំណោមបញ្ហាជាច្រើន ដែលក្រុមមេដឹកនាំសកលលោកត្រូវឱបក្រសោប អំឡុងជំនួបកំពូលថ្ងៃទី ១៥-១៧ នៅតំបន់រមណីដ្ឋាន Evian-les-Bains របស់ប្រទេសបារាំង ។
ពួកគេនឹងស្វែងរកមូលដ្ឋានរួមផងដែរលើសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាដោះស្រាយអតុល្យភាពសេដ្ឋកិច្ចសកល និងការស្វែងរកប្រភពរ៉ែសំខាន់ៗនៅខាងក្រៅប្រទេសចិន ។
សូមបញ្ជាក់ថា ក្រុមមេដឹកនាំប្រទេស G7 បានធ្វើដំណើរទៅដល់រមណីយដ្ឋានមាត់បឹងរបស់បារាំងកាលពីថ្ងៃចន្ទ ស្របពេលកើតមានអារម្មណ៍មិនសុខស្រួលនៅក្នុងចំណោមសម្ព័ន្ធមិត្ត ជុំវិញការគំរាមកំហែងពន្ធរបស់លោកប្រធានាធិបតី Donald Trump និងសំណួរជុំវិញការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសណ្តាប់ធ្លាប់សកល ។
លោក Trump នឹងធ្វើដំណើរមកដល់ចំពេលដែលក្រុមមេដឹកនាំសកលព្រួយបារម្ភកើនឡើង បើទោះបីជាក្រុមមន្រ្តីបារាំង សប្បាយរីករាយចំពោះវត្តមានរបស់លោកក៏ដោយ ក្រោយរូបលោកចាកចេញទៅមុននៅកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសកាណាដា កាលពីឆ្នាំមុន ៕