ក្រសួងអន្តោប្រវេសន៍អេស្ប៉ាញនិយាយថា អេស្ប៉ាញទទួលបានការការដាក់ពាក្យសុំចំនួនប្រហែល ៩០ម៉ឺននាក់ ពីជនអន្តោប្រវេសន៍គ្មានឯកសារ ដែលស្វែងរកស្ថានការស្របច្បាប់ ក្រោមកម្មវិធីដែលគេរំពឹងកាលពីដំបូងថា នឹងមានសំណើត្រឹមប្រហែលកន្លះលាននាក់ប៉ុណ្ណោះ ។
វិធានការដែលមានគោលបំណងរួមចំណែកជនអន្តោប្រវេសន៍គ្មានឯកសារទៅក្នុងទីផ្សារការងារផ្លូវការនោះ ត្រូវបានគេមើលឃើញតម្រូវការខ្ពស់ក្នុងប្រទេសមួយដែលនៅតែបើកទូលាយចំពោះអន្តោប្រវេសន៍ បើទោះបីជាប្រទេសអឺរ៉ុបផ្សេងទៀត បិទព្រំដែនរបស់ពួកគេក៏ដោយ ។
អង្គការជំនួយជនភៀសខ្លួនមិនរកប្រាក់ចំណេញ CEAR រំពឹងថា ការដាក់ពាក្យសុំនឹងមានលើសពី ១លាននាក់ នៅពេលដែលកម្មវិធីមួយនេះ បញ្ចប់ក្នុងរយៈពេល ២សប្តាហ៍ ។
គួរឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសអេស្ប៉ាញបានវ៉ាដាច់ប្រទេសភាគច្រើននៅអឺរ៉ុបក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ពោលគឺត្រូវបានជំរុញដោយជនអន្តោប្រវេសន៍ដែលបានពង្រឹងវិស័យសំខាន់ៗជាច្រើន ដូចជាបដិសណ្ឋារកិច្ច និងការថែទាំមនុស្សចាស់ជរា ដោយទប់ស្កាត់កង្វះខាតកម្លាំងពលកម្ម និងបង្កើនការចូលរួមចំណែកសន្តិសុខសង្គម ។
ក្រសួងអន្តោប្រវេសន៍អេស្ប៉ាញបន្តថា អេស្ប៉ាញបានផ្តល់ការអនុញ្ញាតការងារបណ្តោះអាសន្ន ៣៦ម៉ឺនកន្លែង ចាប់តាំងពីខែមេសារហូតមក ដែលស្មើនឹងប្រហែល ៤០ភាគរយនៃសំណើទាំងអស់ដែលទទួលបាន ។ ជនអន្តោប្រវេសន៍ ត្រូវបានអនុញ្ញាតឲ្យចាប់ផ្តើមធ្វើការងារ ពេលដែលការដាក់ពាក្យសុំរបស់ពួកគេ ត្រូវបានទទួលសម្រាប់ដំណើរការតាមនីតិវិធី ។
សូមបញ្ជាក់ថា អេស្ប៉ាញ បានមើលឃើញការពន្យាពេលដ៏រ៉ាំរ៉ៃនៅក្នុងប្រព័ន្ធអន្តោប្រវេសន៍របស់ខ្លួន ក្នុងនោះជនអន្តោប្រវេសន៍រាប់ពាន់នាក់មកពីកូឡុំប៊ី ឬសេណេហ្គាល់ រង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីសុំសិទ្ធិជ្រកកោនរបស់ពួកគេ ដែលត្រូវបានច្រានចោលករណីជាង ៩០ភាគរយ ៕