ព័ត៌មានលម្អិតបានចាប់ផ្តើមលេចចេញជាណ្ដើរៗហើយកាលពីថ្ងៃអង្គារ ១៦មិថុនាសប្ដាហ៍នេះ នៃកិច្ចព្រមព្រៀងបណ្ដោះអាសន្នរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដោយប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ខ្លួននឹងច្រានចោលអាវុធនុយក្លេអ៊ែរសម្រាប់ទីក្រុងតេអេរ៉ង់ និងមន្ត្រីអាមេរិកម្នាក់បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេងនៅពេលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា។

អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខានៅសប្តាហ៍នេះ ទោះបីជាមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈក៏ដោយ ក៏វាពង្រីកបទឈប់បាញ់ដ៏ទន់ខ្សោយដែលបានប្រកាសនៅក្នុងខែមេសា រយៈពេល ៦០ ថ្ងៃទៀតដែរ ដើម្បីអនុញ្ញាតឱ្យប្រទេសដែលកំពុងធ្វើសង្គ្រាមទាំងពីរនេះ ចរចាបទឈប់បាញ់ជាអចិន្ត្រៃយ៍។

ក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកនឹងបញ្ចប់ការបិទផ្លូវកំពង់ផែរបស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នឹងស្តារការឆ្លងកាត់របស់នាវាដឹកប្រេង និងចរាចរណ៍ផ្លូវសមុទ្រផ្សេងទៀតតាមរយៈច្រកសមុទ្រហ័រមូសឡើងវិញ ដែលខ្លួនបានបិទយ៉ាងជិត ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃ២៨ ខែកុម្ភៈ២០២៦នេះ ។

ប្រធានាធិបតីអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងនេះបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងតេអេរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរទេ ហើយអត្ថបទពេញលេញនឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅក្នុងការកំណត់ជាផ្លូវការក្នុងរយៈពេលពីរឬបីថ្ងៃទៀត។
ទន្ទឹមនឹងនេះ ក្រុមមេដឹកនាំអ៊ីរ៉ង់អាចប្រឈមនឹងការតវ៉ាឡើងវិញ ប្រសិនបើពួកគេបរាជ័យក្នុងការបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចបន្ទាប់ពីសង្គ្រាមដ៏បំផ្លិចបំផ្លាញ៕