រុស្ស៊ីបាននិយាយថា នាវាចម្បាំងមួយគ្រឿងរបស់ខ្លួនបានបាញ់ព្រមានកាលពីថ្ងៃអង្គារ ១៦ មិថុនាសប្ដាហ៍នេះ នៅជិតនាវាកម្សាន្តមួយគ្រឿងដែលកំពុង «ខិតជិតដល់ចំណុចដ៏គ្រោះថ្នាក់» នៅក្នុងផ្លូវទឹករបស់អង់គ្លេសភាគខាងត្បូង ខណ្ឌចែករវាងប្រទេសបារាំង ទោះបីជាចក្រភពអង់គ្លេសបានវាយតម្លៃថា ការបាញ់ប្រហារទាំងនោះ «មិនមានគោលដៅទៅលើនាវានោះ» ក៏ដោយ។

ប្រភពការពារជាតិអង់គ្លេសមួយបានប្រាប់សារព័ត៌មាន AFP ថា ហេតុការណ៍នេះពាក់ព័ន្ធនឹងនាវាចម្បាំងរុស្ស៊ី Admiral Grigorovich និងនាវាកម្សាន្តចុះបញ្ជីនៅចក្រភពអង់គ្លេសមួយគ្រឿង ដែលមានចម្ងាយប្រហែល ២០ណត់ម៉ាយ ភាគខាងត្បូងនៃកោះ Isle of Wight នៅខាងក្រៅដែនទឹកអង់គ្លេស។

ភាពតានតឹងចុងក្រោយបំផុតនៅលើសមុទ្ររវាងទីក្រុងឡុងដ៍្រ និងទីក្រុងមូស្គូ បានកើតឡើងបន្ទាប់ពីកងកុម្ម៉ង់ដូអង់គ្លេសបានស្ទាក់ចាប់ និងឡើងលើនាវាកងទ័ពជើងទឹកមួយគ្រឿងដែលសង្ស័យថាជានាវាចម្បាំងរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យ នៅក្នុងផ្នែកដូចគ្នានៃផ្លូវទឹកនេះ។

ការបាញ់ព្រមាននេះ កើតមានឡើងទន្ទឹមនឹងក្រុមមេដឹកនាំប្រទេសG7 ជូបជុំគ្នានៅប្រទេសបារាំងភាគខាងកើត និងការព្រមព្រៀងកាលពីថ្ងៃអង្គារក្នុងការបង្កើនសម្ពាធលើរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមជាង៤ឆ្នាំប្រឆាំងនឹងអ៊ុយក្រែន ។
ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅក្នុងព័ត៌មានថ្មីៗអំពីហេតុការណ៍នេះថា បន្ទាប់ពីការប៉ុនប៉ងទាក់ទងនាវាអង់គ្លេសមួយគ្រឿងនៅក្នុងច្រកសមុទ្រនោះ នាវា Grigorovich បានបាញ់ព្រមាន។ ទាំងនេះមិនមានគោលដៅទៅលើនាវានោះទេ ហើយវាជាការប៉ុនប៉ងដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នាដែលអាចកើតមានជាយថាហេតុណាមួយ៕