ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក្នុងនាមក្រុមហ៊ុនឯកជនដ៏លេចធ្លោរមួយ ដែលតែងរួមចំណែកកិច្ចការសង្គម បានទទួលការសាទរពីថ្នាក់ដឹកនាំក្នុងវិស័យកីឡាបាល់ទាត់ បន្ទាប់ពីក្រុមហ៊ុន បានទទួលពានរង្វាន់ និងមេដាយជាច្រើនពីស្ថាប័ន Monde Selection រួមមានក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងថ្នាក់ដឹកនាំក្លិបព្រះខ័នរាជស្វាយរៀងជាដើម។
គួរដឹងថា ថ្មីៗនេះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន បានដឹកនាំក្រុមការងារ ទៅទទួលពានរង្វាន់ និងមេដាយជាច្រើន រួមមានពានរង្វាន់ដ៏មានកិត្យានុភាព Prize of the Jury ព្រមទាំងការទទួលបានមេដាយមាសចំនួន ២៣ និងពានពេជ្រចំនួន ៤ នៅក្នុងកម្មវិធី Monde Selection 2026 នាទីក្រុងប៉ារីស ប្រទេសបារាំង។
ជាមួយកម្មវិធីអបអរសាទរការនាំមកនូវពាន និងមេដាយ ដែលទទលស្គាល់លើឆាកអន្ដរជាតិនេះ គេឃើញមានការអញ្ជើញចូលរួមអបអរសាទរពីឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ និងបណ្ដាក្លិបសមាជិកលីគកំពូលកម្ពុជាមួយចំនួនទៀតផងដែរ។
គួរដឹងថា ក្រុមហ៊ុន វឌ្ឍនៈ គឺជាក្រុមហ៊ុនមួយ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ពិសេសកីឡា ជាក់ស្ដែងក្នុងវិស័យបាល់ទាត់ ក្រុមហ៊ុនតែងចូលរួមជាមួយសហព័ន្ធ និងក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រៀបចំព្រឹត្តិការណ៍ផ្សេងៗ ហើយក្រុមហ៊ុន ក៏ជាដៃគូឧបត្ថម្ភមួយរបស់ក្លិបបាល់ទាត់នៅកម្ពុជា ដូចជាក្លិបព្រះខ័នរាជស្វាយរៀងជាដើម៕ អត្ថបទ លី ឈុនឡា







