ការិយាល័យឧតុនិយមរបស់ប្រទេសអូស្ត្រាលី (BoM) កាលពីថ្ងៃអង្គារ ១៦មិថុនាសប្ដាហ៍នេះបានប្រកាសជាផ្លូវការថា គំរូអាកាសធាតុអែលនីញ៉ូ (El Nino)បានបង្កើតឡើងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកត្រូពិក ដោយព្រមានថាវាអាចកាន់តែខ្លាំងឡើងនៅឆមាសទីពីរនៃឆ្នាំ២០២៦នេះ ហើយក្លាយជាព្រឹត្តិការណ៍ដ៏ខ្លាំងក្លាបំផុតមួយដែលត្រូវបានកត់ត្រាក្នុងរយៈពេលជាងប្រាំពីរទសវត្សរ៍។

ទីភ្នាក់ងារអាកាសធាតុបាននិយាយថា សីតុណ្ហភាពផ្ទៃខាងលើសមុទ្រនៅកណ្តាល និងខាងកើតប៉ាស៊ីហ្វិកបានលើសពីកម្រិត អែលនីញ៉ូ ខណៈសូចនាករបរិយាកាស រួមទាំងកម្លាំងខ្យល់ និងគំរូសម្ពាធ បានបង្ហាញពីការឆ្លើយតបដែលត្រូវគ្នានឹងបាតុភូតអាកាសធាតុ។

ទីភ្នាក់ងារខាងលើបាននិយាយថា គំរូព្យាករណ៍បង្ហាញពីការឡើងកម្ដៅបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខ ដោយប្រហែលពាក់កណ្តាលនៃគំរូអាកាសធាតុបានបង្ហាញថា ព្រឹត្តិការណ៍នេះអាចជាប់ចំណាត់ថ្នាក់ក្នុងចំណោមព្រឹត្តិការណ៍អាកាសធាតុខ្លាំងបំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ ១៩៥០ ។
អែលនីញ៉ូ គឺជាគំរូអាកាសធាតុកកើតឡើងដោយធម្មជាតិ ដែលត្រូវបានកំណត់លក្ខណៈដោយសីតុណ្ហភាពមហាសមុទ្រក្តៅខុសពីធម្មតានៅក្នុងតំបន់អេក្វាទ័រប៉ាស៊ីហ្វិក។ វាជារឿយៗរំខានដល់ប្រព័ន្ធអាកាសធាតុសកល ដោយនាំមកនូវលក្ខខណ្ឌក្តៅ និងស្ងួតជាងមុន ដល់ប្រទេសអូស្ត្រាលី ខណៈបង្កើនការធ្លាក់ភ្លៀងនៅក្នុងតំបន់ខ្លះនៃទ្វីបអាមេរិក៕

