កីឡាការិនី ទន់ គីមហុង សមាជិកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើការវះកាត់របួសជង្គង់ដោយជោគជ័យ នៅដើមសប្ដាហ៍នេះ បន្ទាប់ពីរងរបួសកំឡុងជំនួបមិត្តភាពអន្ដរជាតិ កាលពីថ្មីៗ។
ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្លិបវិសាខា កីឡាការិនី ទង់ គីមហុង បានធ្វើការវះកាត់នៅមន្ទីរពេទ្យឯកជនមួយ ក្នុងរាជធានីភ្នំពេញ ដោយជោគជ័យ នៅដើមសប្ដាហ៍នេះ។
គួរដឹងថា ទន់ គីមហួង បានរងរបួសដាច់សរសៃជង្គង់(ACL) ខាងស្ដាំ កំឡុងជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិនារីកម្ពុជា និងក្រុមជម្រើសជាតិសិង្ហបុរី កាលពីថ្ងៃទី៦ ខែមិថុនាកន្លងទៅ ស្របពេលជំនួបមិត្តភាពនេះ កម្ពុជា បានទទួលជ័យជម្នះដ៏ត្រចះត្រចង់ក្នុងលទ្ធផល ៥-០។
ជាមួយការរងរបួសនេះ គីមហុង ក៏ទទួលបានការលើកទឹកចិត្តពីមិត្តរួមក្រុម ពិសេសគ្រូបង្វឹកផ្ទាល់លោក ឃួន ឡាបូរ៉ាវី ដែលធ្លាប់ឆ្លងកាត់របួស ACL កាលពីនៅជាកីឡាករ កាលពីឆ្នាំ២០១២ ដោយជំរុញ និងលើកទឹកចិត្តដល់ គីមហុង ថា របួសនេះ មិនអាចរារាំងអាជីពរបស់នាងបានឡើយ ឲ្យ គីមហុង បន្ដប្រឹងប្រែងហ្វឹកហាត់ ក្រោយវះកាត់ជោគជ័យ កញ្ញានឹងអាចវិលត្រឡប់ចូលទីលានវិញ ជាមួយភាពខ្លាំងដូចដើម៕ អត្ថបទ លី ឈុនឡា





