មន្ត្រីជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។ សេចក្តីព្រាងច្បាប់នេះ ក្នុងគោលបំណងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ សីលធម៌របស់មន្ត្រី តម្លាភាពនិងគណនេយ្យភាពក្នុងការអនុវត្តច្បាប់។
លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានថ្លែងថា គោលបំណងសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួមមាន ៖ ១. ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ សីលធម៌របស់មន្ត្រី តម្លាភាពនិងគណនេយ្យភាពក្នុងការអនុវត្តច្បាប់។ ២. បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងចរាចរណ៍ នឹងជួយកាត់បន្ថយការប្រព្រឹត្តមិនប្រក្រតី លើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់ប្រជាពលរដ្ឋ។ ៣. ធានាថាគ្រប់សកម្មភាពប្រតិបត្តិការរបស់ មន្ត្រីអនុវត្តច្បាប់បានដំណើរការប្រកបដោយមនសិការវិជ្ជាជីវៈគ្រប់កាលៈទេសៈ មានប្រសិទ្ធភាពខ្ពស់ និងមានឥទ្ធិពលក្នុងសង្គមធ្វើឲ្យសាធារណជនក្នុងសង្គមមានការជឿជាក់ និងភ្ញាក់រលឹកចូលរួមក្នុងការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
លោកបានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាដកបទពិសោធន៍ ចំណេះដឹង និងមតិយោបល់របស់អនុប្រធាននាយកដ្ឋាន ស្នងការរង នាយការិយាល័យ នាយផ្នែក នៃស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំងអស់ ដែលបានទទួលដឹកនាំអនុវត្តជាក់ស្ដែង នៅការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាពេលកន្លងមក។ ហើយដើម្បីជាការផ្លាស់ប្ដូរយោបល់និងជាធាតុចូលលើប្រធានបទសំខាន់ៗពាក់ព័ន្ធទៅនឹងសេចក្តីសេចក្តីព្រាងនីតិវិធីប្រតិបត្តិការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងន័យចូលរួមកែលម្អឲ្យប្រសើរឡើង នៅសេចក្តីព្រាងច្បាប់នេះ។ ការធានាសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាកិច្ចការដ៏សំខាន់ដែលទាមទារឲ្យមាន ការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព តម្លាភាពនិងស្របតាមគោលការណ៍ច្បាប់។
ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកគឺជាកត្តាសំខាន់ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការបាត់បង់អាយុជីវិតការរងរបួស ការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋផងដែរ។ ជាក់ស្ដែងការអនុវត្តច្បាប់កន្លងមក បានបង្ហាញឲ្យឃើញថា នៅពេលដែលប្រឈមមួយចំនួន ពាក់ព័ន្ធនិងនីតិវិធីដាក់គោលដៅ ត្រួតពិនិត្យវាស់វែងនិងបញ្ជូនសំណុំរឿងទៅតុលាការនិងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ផ្លូវគោកជាដើម។ ដូច្នេះកិច្ចប្រជុំនាពេលនេះ គឺមានសារៈសំខាន់សម្រាប់ការពិភាក្សាផ្ដល់យោបល់ និងដោះស្រាយបញ្ហាឲ្យកាន់តែមានភាពច្បាស់លាស់ និងឯកភាពគ្នាក្នុងការអនុវត្ត៕ អត្ថបទ៖ វង្ស សុភាព






