មីយ៉ាន់ម៉ា៖ ប្រមុខយោធាសហភាពមីយ៉ាន់ម៉ា បានចូលរួមកិច្ចប្រជុំអន្តរជាតិតាមអនឡាញ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាមួយមន្ត្រីយោធាមកពីសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន។
នាយឧត្តមសេនីយ៍ Min Aung Hlaing ដែលជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានចូលរួមកិច្ចប្រជុំប្រមុខកងកម្លាំងការពារជាតិអាស៊ានលើកទី១៨ ដែលត្រូវបានរៀបចំឡើងតាម Video Conference។ វាគឺជាការបង្ហាញខ្លួនដ៏កម្រមួយរបស់លោក Aung Hlaing នៅមុខជំនួបអន្តរជាតិបន្ទាប់ពីរដ្ឋប្រហារកាលពីខែមុន។ ការដណ្ដើមគ្រប់គ្រងអំណាច ដោយរដ្ឋប្រហារកាលពីខែមុន ដែលបានទម្លាក់រដ្ឋាភិបាលរបស់លោកស្រី Aung San Suu Kyi បណ្ដាលឲ្យកើតមានបាតុកម្មស្ទើរតែរាល់ថ្ងៃ និងរងការបង្ក្រាបយ៉ាងចាស់ដៃពីយោធា។
កងកម្លាំងសន្តិសុខសហភាពមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោច ២១៧នាក់ចាប់តាំងពីមានរដ្ឋប្រហារកើតឡើង។ រដ្ឋប្រហារនេះដែរ បានធ្វើឲ្យយឺតយ៉ាវដល់ដំណើរការឆ្ពោះទៅរក លទ្ធិប្រជាធិបតេយ្យនៅសហភាពមីយ៉ាន់ម៉ា ដែលធ្លាប់គ្រប់គ្រងអំណាចដោយយោធាអស់រយៈពេល ៥ទសវត្សរ៍ និងធ្វើឲ្យប្រទេសមួយនេះធ្លាក់ទៅក្នុងភាពឯកា និងរងទណ្ឌកម្មអន្តរជាតិ៕
អត្ថបទ៖ សារ៉ាត់