ភ្នំពេញ៖ ក្រុមគ្រូពេទ្យនាពេលនេះ បានចាប់ផ្ដើមចុះចាក់វ៉ាក់សាំងដូសជំរុញជូនសិស្សសាលាតាមទីតាំងសាលារៀនដោយផ្ទាល់ ក្រោមការឯកភាពពីអាណាព្យាបាល បន្ទាប់ពីមានការចុះចាក់វ៉ាក់សាំងដូសជំរុញនៅតាមរោងចក្រ និងតាមទីផ្សារជាច្រើន រយៈពេលប្រមាណមួយសប្ដាហ៍មកនេះ។ ការចាប់ផ្ដើមចាក់វ៉ាក់សាំងនៅទីតាំងសាលារៀននេះ គឺធ្វើឡើងដំបូងក្នុងភូមិសាស្រ្តខណ្ឌ ពោធិ៍សែនជ័យ។
ខណ្ឌពោធិ៍សែនជ័យ តាមរបាយការណ៍របស់រដ្ឋបាលខណ្ឌ បញ្ជាក់ពីក្រុមគោលដៅគឺសម្រាប់សិស្សថ្នាក់បឋមសិក្សា អាយុចាប់ពី ៦ទៅ ១២ឆ្នាំ។ ការចុះចាក់វ៉ាក់សាំងនៅសាលារៀនដោយផ្ទាល់នេះ គឺមានសិស្សដែលត្រូវចាក់ចំនួន ១០៨៨១នាក់ ដែលក្រុមគ្រូពេទ្យនឹងចុះចាក់ផ្ទាល់នៅទីតាំងសាលាបឋមសិក្សាចំនួន ១៥ សាលា។
សម្រាប់ការចុះចាក់ដល់ទីតាំងសាលារៀននេះ គឺចាប់ផ្ដើមដំបូងចាប់តាំងថ្ងៃទី ២៥ ខែមេសា នៅសាលារៀនបឋមសិក្សា គោកបញ្ជាន់ ក្នុងខណ្ឌពោធិ៍សែនជ័យ។
លោក ឡុង ផុន នាយកសាលាបឋមសិក្សា គោកបញ្ជាន់ បានលើកឡើងថា សម្រាប់សាលារបស់លោកគឺមានសិស្សសរុបចំនួនជិត១៥០០នាក់ ដែលត្រូវទទួលការចាក់ដូសជំរុញ។ ការចាក់នេះ ក៏មានការឯកភាពពីអាណាព្យាបាលសិស្សផងដែរ។
ខណៈនាំកូនមកទទួលការចាក់វ៉ាក់សាំងនៅសាលារៀន គោកបញ្ជាន់ អាណាព្យាបាល លើកឡើងថា ការចាក់វ៉ាក់សាំងនៅសាលារៀននេះ គឺផ្តល់ភាពងាយស្រួលជាច្រើន ពិសេសមិនបាច់ធ្វើដំណើរឆ្ងាយ។ ពួកគាត់ពេញចិត្ត និងកាន់តែមានទំនុកចិត្តនៅពេលដែលកូនៗចាក់បានគ្រប់ដូសតាមការកំណត់។
បច្ចុប្បន្ននេះ ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩បានពង្រីកទីតាំងចាក់កាន់តែច្រើន ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ស្របជាមួយគ្នានោះគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្របខណ្ឌទូទាំងប្រទេស ក៏បានចេញសេចក្តីជូនព័ត៌មានក្រើនរំលឹកដល់អាណាព្យាបាលជូនកូនៗដែលអាយុចាប់ពី៥ឆ្នាំឡើងទៅ ទៅទទួលការចាក់ដូសជំរុញទី៣ បន្ទាប់ពីដល់ពេលវេលាដែលត្រូវចាក់ផងដែរ។ អត្ថបទ៖ គឹមហុក