បាល់ទាត់៖ បន្ទាប់ពីរងបរាជ័យក្នុងទឹកដីខ្លួនឯង ១-០ ក្រោមស្នាដៃក្រុមភ្ញៀវ Atletico San Luis នៅក្របខណ្ឌលីគកំពូលម៉ិកស៊ិក Liga MX អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Cruz Azul បែរជាប៉ះទង្គិច និងវាយតប់គ្នាឯងទៅវិញនៅផ្លូវចេញពីកីឡដ្ឋាន Estadio Azteca។
រូបភាពបង្ហាញដោយទូរទស្សន៍ Azteca បានបង្ហាញពីការវាយតប់គ្នា និងមានការជួយអន្តរាគមន៍ពីក្រុមសន្តិសុខ ខណៈអ្នកគាំទ្រម្នាក់បានរងរបួសក្បាលបែកឈាម។ មិនមែនជារឿងថ្មីទេដែលអំពើហិង្សាកើតមានឡើងបង្កដោយអ្នកគាំទ្រនៅម៉ិកស៊ិក ពោលគឺកាលពីខែមីនាកន្លងមកក៏មានអំពើហិង្សារវាងអ្នកគាំទ្រគ្នាឯងបែបនេះដែរ ដែលធ្វើឱ្យមនុស្សជាង ២០នាក់រងរបួសស្រាល និង ៣នាក់រងរបួសធ្ងន់ក្នុងជំនួបការប្រកួតរវាង Queretaro និង Atlas។ ការប្រកួតនៅពេលនោះត្រូវបានផ្អាកត្រឹមនាទីទី៦២ បន្ទាប់ពីមានការប៉ះទង្គិចរវាងអ្នកគាំទ្រនៅកន្លែងអង្គុយ៕
អត្ថបទ៖នាង សុភាវុធ