បណ្ដាអ្នកការទូត បានប្រាប់ឲ្យដឹងថា បារាំងដែលជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៃប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ ឬ G7 កំពុងជំរុញឲ្យដៃគូព្រមព្រៀងលើសេចក្តីថ្លែងការណ៍មួយ ស្តីពីរ៉ែសំខាន់ៗ នៅថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះ ដែលអាចរួមបញ្ចូលវិធានការ ដើម្បីជួយលោកខាងលិចកាត់បន្ថយការពឹងផ្អែកលើចិន និងការពារវិនិយោគិនពីវិធានការតបត និងការលក់ផលិតផលមិនសមតាមតម្លៃទីផ្សារ។
មេដឹកនាំទាំងអស់ នឹងពិភាក្សាអំពីការធានាខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែ ដែលជាប្រធានបទសំខាន់មួយនៃតំណែងប្រធាន G7 របស់បារាំង រួមជាមួយនឹងកិច្ចប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីដោះស្រាយអតុល្យភាពសេដ្ឋកិច្ចសកល នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលថ្ងៃទី ១៥-១៧ ខែមិថុនា នៅទីក្រុង Evian-les-Bains (អេវីយ៉ង់ ឡេស៍ បាំងស៍)។
ចិនបានធ្វើឲ្យប្រទេសជាច្រើនមានក្ដីបារម្ភ កាលពីឆ្នាំមុន នៅពេលដែលឧស្សាហកម្មមួយចំនួន ស្ទើរតែឈប់ដំណើរការ បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់កម្រិតការនាំចេញ លើមេដែកអចិន្ត្រៃយ៍ដែលផលិតពីរ៉ែកម្រ ជាពេលវេលាមួយដែលបង្ហាញថា តើខ្សែច្រវាក់ផ្គត់ផ្គង់លោកខាងលិច នៅក្នុងវិស័យថាមពល ការពារជាតិ និងបច្ចេកវិទ្យា ពឹងផ្អែកលើទំនិញទាំងនេះយ៉ាងដូចម្ដេច។
មន្ត្រីការិយាល័យប្រធានាធិបតីបារាំងមួយរូបបាននិយាយមុនពេលកិច្ចប្រជុំកំពូលនេះថា៖ «យើងកំពុងពិភាក្សាឯកសារដែលមានសារៈសំខាន់ លើរ៉ែសំខាន់ៗ និងជាលទ្ធផល លើអធិបតេយ្យភាពសេដ្ឋកិច្ច»។
វិធានការដែលកំពុងពិភាក្សាក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមមានការគាំទ្រតម្លៃ ស្តង់ដារទីផ្សារ ការឧបត្ថម្ភធន និងការទិញដែលមានការធានា ក៏ដូចជាមធ្យោបាយ ដើម្បីពង្រីកការវិនិយោគឯកជន ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ នៅខាងក្រៅប្រទេសចិនផងដែរ។ តែយ៉ាងណាក្ដី វិធានការណាមួយដែលបានប្រកាស នៅក្នុងកិច្ចប្រជុំ G7 ទំនងត្រឹមតែជាជំហានដំបូងប៉ុណ្ណោះ៕


