រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បាននិយាយនៅថ្ងៃពុធនេះថា ផែនការរបស់កងម៉ារីនអាមេរិកសម្រាប់ស្តុកទុកអាវុធសម្រាប់វិបត្តិនៅក្នុងប្រទេសអូស្ត្រាលី គឺជាផ្នែកមួយនៃ«វត្តមានរបស់សហរដ្ឋអាមេរិក កំពុងកើនឡើង» នៅក្នុងប្រទេសនេះ និងសំខាន់សម្រាប់សន្តិសុខជាតិ។
ដោយដកស្រង់ឯកសារដេញថ្លៃ សារព័ត៌មាន AFP បានចុះផ្សាយកាលពីថ្ងៃអង្គារថា កងម៉ារីនអាមេរិកនឹងរួមបញ្ចូលប្រទេសអូស្ត្រាលី នៅក្នុងកម្មវិធីរៀបចំទីតាំងសកលសម្រាប់អាវុធ គ្រាប់រំសេវ និងយានយន្តជាលើកដំបូង។

ឃ្លាំងស្តុកអាវុធដំបូងនៅទីក្រុងមែលប៊ន នឹងផ្លាស់ទីទៅឃ្លាំងរបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានយោធា Bandiana របស់ប្រទេសអូស្ត្រាលី នៅតំបន់ជនបទ Victoria។
លោក Marles បានប្រាប់អ្នកយកព័ត៌មាននៅអូស្ត្រាលីខាងលិចថា៖«យើងកំពុងឃើញវត្តមានរបស់សហរដ្ឋអាមេរិក កំពុងកើនឡើង នៅក្នុងប្រទេសអូស្ត្រាលី ដែលមានសារៈសំខាន់ទាក់ទងនឹងការកសាងសមត្ថភាពយោធារបស់យើង ប៉ុន្តែវាក៏សំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខជាតិរបស់ប្រទេសអូស្ត្រាលីផងដែរ»៕
