បណ្ដាមេដឹកនាំនៃក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) កាលពីថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) បានសន្យាបង្កើនកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយបន្ទុកបំណុលដ៏ខ្ពស់ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងនោះរួមទាំងប្រទេសមានប្រាក់ចំណូលមធ្យមដែលបច្ចុប្បន្នមិនមានសិទ្ធិទទួលបានគំនិតផ្តួចផ្តើមបន្ធូរបន្ថយបំណុល ដែលត្រូវបានបង្កើតដោយក្រុមប្រទេសមានសេដ្ឋកិច្ចធំៗទាំង ២០ (G20) ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩។
ក្នុងសេចក្តីប្រកាសរួមមួយដែលត្រូវបានចេញបន្ទាប់ពីបានបញ្ចប់ការប្រជុំ ដែលរួមមានប្រទេសជាភ្ញៀវ ដូចជាកេនយ៉ា អេហ្ស៊ីប ឥណ្ឌា ប្រេស៊ីល និងកូរ៉េខាងត្បូងផងដែរ មេដឹកនាំ G7 បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការអភិវឌ្ឍ ខណៈពេលដែលជំរុញកំណែទម្រង់ និងការសង្កត់ធ្ងន់កាន់តែខ្លាំង លើការវិនិយោគឯកជន។
សេចក្ដីថ្លែងការណ៍ បានឲ្យដឹងថា គោលនយោបាយអភិវឌ្ឍន៍បែបប្រពៃណី បានផ្តល់លទ្ធផល ប៉ុន្តែមិនផ្ដល់ «ផលវិជ្ជមានខ្លាំងដល់ការកាត់បន្ថយការពឹងផ្អែកផ្នែកហិរញ្ញវត្ថុ លើជំនួយពីខាងក្រៅនោះឡើយ»។ មេដឹកនាំដែលកំពុងជួបប្រជុំគ្នា នៅរមណីយដ្ឋានមាត់បឹង Evian-les-Bains (អេវីយ៉ង់ ឡេស៍ បាំងស៍) របស់ប្រទេសបារាំង បានលើកឡើងថា ធនធានសាធារណៈ ដែលត្រូវបានកាត់បន្ថយយ៉ាងខ្លាំងដោយសហរដ្ឋអាមេរិក និងប្រទេសមានសេដ្ឋកិច្ចជឿនលឿនផ្សេងទៀត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នឹងបន្តដើរតួនាទីយ៉ាងសំខាន់ ប៉ុន្តែមិនគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍សកលនោះទេ។
សេចក្តីថ្លែងការណ៍ដែលគាំទ្រដោយកូរ៉េខាងត្បូង និងកេនយ៉ា បានសង្កត់ធ្ងន់ថា៖ «យើងនឹងបង្កើនកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយភាពងាយរងគ្រោះដោយសារបំណុលសកលកំពុងកើនឡើង ដែលគំរាមកំហែងដល់ស្ថិរភាពសេដ្ឋកិច្ច និងរឹតត្បិតដល់កញ្ចប់ថវិការបស់រដ្ឋាភិបាល សម្រាប់អន្តរាគមន៍សេវាសាធារណៈសំខាន់ៗ»៕

