ការិយាល័យរបស់លោក Lee Jae Myung បានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានស្នើសុំមេដឹកនាំអាមេរិក លោក Donald Trump ឲ្យដឹកនាំការស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី ជុំវិញភាពតានតឹងជាមួយកូរ៉េខាងជើង ដោយសំណើនោះកើតមានក្នុងអំឡុងពេលមានការជជែកគ្នារយៈពេលខ្លី នៅឯកិច្ចប្រជុំកំពូលនៃក្រុមប្រទេសធំៗទាំង៧ (G7) កាលពីថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦)។

អ្នកនាំពាក្យការិយាល័យប្រធានាធិបតី លោកស្រី Kang Yu-jung បានប្រាប់ថា មេដឹកនាំទាំង២ បានស្វាគមន៍គ្នាទៅវិញទៅមក ក្នុងអំឡុងពេលថតរូបជាក្រុមនៃមេដឹកនាំ G7 ជាកន្លែងដែលលោក Trump បានសួរលោក Lee អំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងជាមួយកូរ៉េខាងជើង។
បើយោងតាមការិយាល័យរបស់លោក Lee បានឲ្យដឹងទៀតថា ក្នុងឱកាសនោះ លោក Lee បានស្នើសុំឲ្យលោក Trump ដឹកនាំកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង ប្រកបដោយសន្តិវិធី ដូចដែលលោកបានធ្វើជាមួយសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។ លោកស្រី Kang បានបន្ថែមថា លោក Trump បានឆ្លើយតបថា លោកនឹងខិតខំដោះស្រាយបញ្ហាកូរ៉េខាងជើង។
គួរបញ្ជាក់ថា លោក Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានជួបប្រជុំគ្នាចំនួន ៣លើក អំឡុងអាណត្តិដំបូងរបស់លោក Trump ដែលរួមមានកិច្ចប្រជុំដ៏សំខាន់ នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ២០១៨ កិច្ចប្រជុំលើកទី២ នៅទីក្រុងហាណូយ ប្រទេសវៀតណាមក្នុងឆ្នាំ២០១៩ និងកិច្ចប្រជុំមួយ នាចុងឆ្នាំនោះ នៅឯតំបន់គ្មានយោធា (ព្រំដែននៃប្រទេសកូរ៉េទាំង២) ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការបន្ធូរបន្ថយទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក៕

