យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយសហព័ន្ធឧស្សាហកម្មជាតិ(CNI) ជាស្ថាប័នសំខាន់មួយតំណាងឱ្យឧស្សាហកម្មរបស់ប្រទេសប្រេស៊ីលបាននិយាយថា ទំនិញជាងពាក់កណ្តាលដែលប្រទេសប្រេស៊ីលនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក អាចនឹងមានការដំឡើងពន្ធបន្ថែមបន្ទាប់ពីសហរដ្ឋអាមេរិក បានគំរាមដាក់ការដំឡើងពន្ធថ្មី ។
ការដំឡើងពន្ធដែលត្រូវបានស្នើឡើងនេះ អាចប៉ះពាល់ដល់៣៥,២ភាគរយនៃការនាំចេញរបស់ប្រទេសប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិក។
យោងតាមសហព័ន្ធបាននិយាយថា ដោយគិតអំពីការដំឡើងពន្ធជាក់លាក់តាមវិស័យដែលបានចូលជាធរមានរួចហើយនោះ ចំណែកសរុបនៃផលិតផលរបស់ប្រទេសប្រេស៊ីលដែលត្រូវទទួលរងការដំឡើងពន្ធបន្ថែម អាចកើនឡើងដល់៥៤,១ ភាគរយ។
សហព័ន្ធឧស្សាហកម្មជាតិ (CNI)បាននិយាយបន្ថែមថា នឹងពុំមានផលប៉ះពាល់ភ្លាមៗទេ ខណៈរដ្ឋាភិបាលសហរដ្ឋអាមេរិក មានគម្រោងពិគ្រោះយោបល់ជាសាធារណៈ មុនពេលធ្វើការសម្រេចចិត្តចុងក្រោយ។
ការដំឡើងពន្ធបន្ថែមថ្មីត្រូវបានស្នើឡើងដោយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR)។ ការដំឡើងពន្ធបន្ថែម២៥ភាគរយលើផលិតផលប្រេស៊ីលត្រូវបានស្នើឡើង ដោយមានការលើកលែងសម្រាប់ទំនិញជាច្រើនមុខផងដែរ រួមមានទាំងកាហ្វេ ទឹកក្រូច និងសាច់។

