នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) បាននិយាយថា លោកបានឃើញកិច្ចព្រមព្រៀង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ហើយបានចាត់ទុកវាថា ជា «ការផ្លាស់ប្តូរស្ថានការណ៍ទាំងស្រុង»។
នៅក្រៅកិច្ចប្រជុំកំពូលនៃក្រុមប្រទេសធំៗទាំង៧ (G7) ក្នុងប្រទេសបារាំង លោក Carney បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា៖ «ខ្ញុំត្រូវតែនិយាយថា វាលើសពីការរំពឹងទុករបស់ខ្ញុំ។ យើងពិតជារីករាយណាស់ជាមួយនឹងកិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងនេះ»។
អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានចុះហត្ថលេខា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ តាមប្រព័ន្ធអេឡិចត្រូនិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មក ដែលរួមមានការបញ្ចប់ប្រតិបត្តិការយោធា នៅគ្រប់សមរភូមិ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈពេលដែលកំពុងរៀបចំដំណាក់កាល សម្រាប់ការចរចា ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលភ្ជាប់ទៅនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ ពិធីចុះហត្ថលេខាត្រូវបានគ្រោងទុកធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា នៅប្រទេសស្វីស។
នៅពេលត្រូវបានសួរថា តើប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញកិច្ចព្រមព្រៀងនេះដល់រូបលោកដែរ ឬទេ លោក Carney បាននិយាយថា៖ «មែនហើយ ខ្ញុំបានឃើញកិច្ចព្រមព្រៀងនេះ។ យើងមានប្រភពរបស់យើង ដូចអ្នកដែរ»។
លោក Carney បានបន្ថែមថា៖ «វាគឺជារយៈពេលសមហេតុផល សម្រាប់កិច្ចព្រមព្រៀងមួយ ដែលចូលជាធរមាន។ វាគឺជាការបញ្ឈប់អរិភាព។ វាគឺជាបទឈប់បាញ់ សម្រាប់រយៈពេល ៦០ថ្ងៃ។ ដូច្នេះ ខ្ញុំគិតថា តាមទស្សនៈរបស់យើង វាត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ន និងយ៉ាងល្អ។ ជាថ្មីម្តងទៀត វាត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្ន និងយ៉ាងល្អ។ មែនហើយ ខ្ញុំពិតជាគិតថា វាគឺជាការផ្លាស់ប្តូរស្ថានការណ៍ទាំងស្រុង»៕

