ក្រុមមេដឹកនាំសហភាពអឺរ៉ុប(EU) នឹងជួបជុំគ្នាក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនាថ្ងៃព្រហស្បតិ៍ស្អែកនេះ សម្រាប់កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ ស្តីពីការចង់បានសមាជិកភាព EU របស់អ៊ុយក្រែន ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នឹងចូលរួមកិច្ចពិភាក្សានេះ ស្របពេលដែលអ៊ុយក្រែន និងម៉ុលដាវី បានបើកជំពូជចរចាលើកដំបូងរបស់ខ្លួន សម្រាប់សមាជិកភាព EU ។
នៅថ្ងៃពុធនេះ ក្រុមមេដឹកនាំប្រទេសមានឧស្សាហកម្មលូតលាស់ G7 និយាយថា ពួកគេរួបរួមគ្នាដើម្បីគាំទ្រអ៊ុយក្រែន រួមទាំងបូរណភាពទឹកដីរបស់ពួកគេ ហើយពួកគេបានឯកភាពចំពោះការបង្កើនទណ្ឌកម្មលើរុស្ស៊ី ។
កាលពីពេលកន្លងទៅ លោក Zelenskiy និយាយថា មាននូវសន្ទុះថ្មីសម្រាប់មាគ៌ាប្រទេសរបស់លោកឆ្ពោះទៅរកសមាជិកភាព EU ។ ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូនៅពេលល្ងាច លោក Zelenskiy និយាយថា សន្ទុះនេះ កើតចេញពីការបញ្ជាក់អះអាងរបស់ EU ថាពួកគេត្រៀមខ្លួនរួចរាល់ ក្នុងការបើកជុំចរចាចូលជាសមាជិកលើកដំបូង ។ លោកបន្តថា សង្រ្គាមកំពុងបន្តជាមួយរុស្ស៊ី បានឆ្លុះបញ្ចាំងពីការពឹងផ្អែកគ្នាទៅវិញទៅមករបស់អ៊ុយក្រែន និងអឺរ៉ុប ។
ដោយឡែក ស្ថានភាពតំបន់មជ្ឈិមបូព៌ា នឹងស្ថិតលើរបៀបវារៈនៃកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែលផងដែរ ក្នុងនោះកិច្ចពិភាក្សានឹងគ្រប់ដណ្តប់លើដំណើរវិវត្តន៍ចុងក្រោយនៅតំបន់ហ្កាហ្សា លីបង់ និងស្ថិរភាពក្នុងតំបន់ធំទូលាយ ៕

