នៅថ្ងៃពុធនេះ ក្រុមមេដឹកនាំប្រទេសមានឧស្សាហកម្មលូតលាស់ G7 បានទាមទារឲ្យមានបទឈប់បាញ់នៅប្រទេសលីបង់ ហើយពួកគេនិយាយថា ពួកគេនឹងធ្វើពិពិធកម្មផ្លូវផ្គត់ផ្គង់ថាមពល ដើម្បីកាត់បន្ថយការពឹងផ្អែកលើច្រកសមុទ្រ Hormuz ជាការឆ្លើយតបនឹងសង្រ្គាមអ៊ីរ៉ង់ ខណៈដែលពួកគេស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់ជម្លោះមួយនេះ ។
ក្រុមមេដឹកនាំទាំងនេះ បានជួបគ្នានៅកិច្ចប្រជុំកំពូលក្នុងទីក្រុង Evian-les-Bains របស់ប្រទេសបារាំង ស្របពេលរឿងរ៉ាវលម្អិតនៃកិច្ចព្រមព្រៀងបទឈប់បាញ់សហរដ្ឋអាមេរិក-អ៊ីរ៉ង់ បានបែកធ្លាយពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ មុនបង្ហាញជាផ្លូវការនៅថ្ងៃសុក្រខាងមុខនេះ ក្នុងប្រទេសស្វីស ។
កិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមកិច្ចចរចាឆ្ពោះទៅរកការដោះស្រាយផ្តាច់ព្រ័ត្រ ដើម្បីបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សជាង ៧ពាន់នាក់ ភាគច្រើននៃពួកគេ បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសលីបង់ ។
ក្រុមមេដឹកនាំនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកយើងចង់គូសបញ្ជាក់ពីតម្រូវការសម្រាប់កិច្ចចរចា ដើម្បីលើកឡើងពីការគំរាមកំហែងបង្កឡើងដោយអ៊ីរ៉ង់នៅក្នុងតំបន់ និងតំបន់ឯនាយ ហើយនិងធានាថា ពួកគេមិនអាចទទួលបានអាវុធនុយក្លេអ៊ែរនោះទេ ។
ជំនួបកំពូលនេះ បានផ្តល់ឱកាសផងដែរដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបង្ហាញកិច្ចព្រមព្រៀងរបស់លោក ជាមួយអ៊ីរ៉ង់ដល់សម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន ដូចជាអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ៕



