រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយនៅថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះថា បណ្ដាប្រទេសកំពុងលូតលាស់ មានតំណាងមិនគ្រប់គ្រាន់ នៅអង្គការសហប្រជាជាតិ (UN) ដែលអាជ្ញាធររបស់ពួកគេប្រឈមកាន់តែខ្លាំងឡើងៗ ដោយការកើនឡើងនូវជម្លោះនយោបាយ និងសេដ្ឋកិច្ចទូទាំងពិភពលោក។
ការអត្ថាធិប្បាយនេះ បានកើតឡើងនៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយ នៅទីក្រុងប៉េកាំង ដើម្បីចេញសៀវភៅសជាផ្លូវការ ដែលផ្តល់សំណើនានា ដើម្បីធានាឲ្យបានថា អភិបាលកិច្ចសកលកាន់តែមានភាពយុត្តិធម៌ និងសមធម៌។ ក្នុងសន្និសីទនោះ ដោយអំពាវនាវឲ្យមានសំឡេងបន្ថែមទៀតពីប្រជាជាតិកំពុងអភិវឌ្ឍន៍សកលខាងត្បូង (Global South) លោក Wang បាននិយាយថា៖ «ប្រទេសនានា មិនថា តូច ឬធំ ខ្លាំង ឬខ្សោយ អភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍន៍នោះទេ គឺជាសុទ្ធតែសមាជិកដែលមានភាពស្មើៗគ្នានៃសហគមន៍អន្តរជាតិ»។
លោក Wang បានបន្តថា បញ្ហាប្រឈមថ្មីជាបន្តបន្ទាប់ នាំមកនូវវិបត្តិសកលដែលជាប់ទាក់ទងគ្នា ដោយលោកបាននិយាយបន្ថែមដោយប្រើពាក្យពេចន៍ប្រៀបធៀបថា «នាវានៃអរិយធម៌ បានធ្វើដំណើរចូលទៅក្នុងដែនទឹកដ៏គ្រោះថ្នាក់ ដែលមានថ្មប៉ប្រះទឹកលាក់កំបាំង និងព្យុះដ៏កំណាច»។
លោកបានសង្កត់ធ្ងន់ថា ការប៉ះទង្គិចគ្នា បង្ហាញពីជម្លោះដែលកាន់តែជ្រៅៗទៅ ខណៈដែល «ព្រឹត្តិការណ៍គ្រប់គ្រងប្រកបដោយហានិភ័យ លេចឡើងជាបន្តបន្ទាប់ ដោយការនិយាយនេះសំដៅទៅលើព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ ឬការគំរាមកំហែងដែលមិនត្រូវបានអើពើ ទោះបីជាហេតុការណ៍ទាំងនោះអាចមើលឃើញយ៉ាងប្រចក្សក៏ដោយ។
ការលើកឡើងរបស់លោក Wang នៅក្នុងសុន្ទរកថារបស់លោក គឺចង់សំដៅទៅលើជម្លោះ នៅតំបន់មជ្ឈិមបូព៌ា និងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ឲ្យបានលម្អិតជាក់លាក់ឡើយ៕

