យន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់នៅជិតផ្លូវហាយវ៉េ Loop 20 ស្ថិតក្នុងទីក្រុង Laredo រដ្ឋ Texas សហរដ្ឋអាមេរិក ក្នុងនោះជនរងគ្រោះ ត្រូវបានគេទាញចេញពីបំណែកយន្តហោះទាំងរស់ ខណៈក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងក្រុមជួយសង្រ្គោះបន្ទាន់ ប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ។
លោក Jose Baeza គឺជាមន្រ្តីស៊ើបអង្កេតមកពីនាយកដ្ឋាននគរបាលក្រុង Laredo និយាយថា ជនរងគ្រោះជាច្រើននាក់ ត្រូវបានទាញចេញពីក្នុងយន្តហោះ បើទោះបីជាស្ថានភាពរបស់ពួកគេពុំត្រូវបានគេដឹងច្បាស់ក៏ដោយ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មាន បានឲ្យដឹងថា មនុស្សម្នាក់ បានស្លាប់ ខណៈដែលមានមនុស្ស ៦នាក់ នៅលើយន្តហោះខ្នាតតូចធ្លាក់មួយគ្រឿងនេះ ។
ក្រុមអាជ្ញាធរ បានបិទផ្លូវហាយវ៉េ Loop 20 ទាំង ២ទិស ហើយនិងជំរុញសាធារណជនឲ្យនៅឆ្ងាយពីកន្លែងកើតហេតុ ដោយពួកគេលើកឡើងពីក្តីបារម្ភពីគ្រោះថ្នាក់ រួមទាំងហានិភ័យនៃប្រេងធ្លាយចេញពីយន្តហោះផងដែរ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យមកពីនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង Laredo ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីពន្លត់អណ្តាតភ្លើងលើបំណែកយន្តហោះ ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យ និងរថយន្តគិលានសង្រ្គោះជាច្រើនគ្រឿង ត្រូវបានគេមើលឃើញនៅតាមបណ្តាលផ្លូវហាយវ៉ែដែលបានបិទ ។
រូបភាពវីដេអូឃ្លីបផ្តល់ជូនដោយនាយកដ្ឋាននគរបាលក្រុង Laredo ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានបាញ់ទឹកលើបំណែកយន្តហោះ ។
លោក Baeza និយាយថា ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ(NTSB) និងទីភ្នាក់ងារសហព័ន្ធផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងបើកការស៊ើបអង្កេតចំពោះមូលហេតុនាំឲ្យយន្តហោះនេះធ្លាក់ ក្នុងនោះក្រុមអាជ្ញាធរ នឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀត ពេលណាដែលព័ត៌មានបន្ថែមទៀត ត្រូវបានបញ្ជាក់ ៕

