នៅថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថា ការនាំចេញរបស់ប្រទេសជប៉ុន បានកើនឡើងក្នុងល្បឿនលឿនបំផុតជាលើកដំបូង ក្នុងរយៈពេលជាង ៣ឆ្នាំ នៅក្នុងខែឧសភា ដោយកំណើននេះត្រូវបានជំរុញដោយតម្រូវការខ្ពស់ សម្រាប់បន្ទះឈីប និងរថយន្ត។
យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា ការនាំចេញបានកើនឡើង ១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយកើនឡើងយ៉ាងលឿនពីកំណើន ១៤,៨ភាគរយ ក្នុងខែមេសា និងលើសពីការព្យរាកររបស់ទីផ្សារ ១៦,២ភាគរយ។ ការកើនឡើងនេះ បានក្លាយជាកំណើននាំចេញខ្ពស់បំផុត គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២។
ការនាំចេញបន្ទះឈីប បានហក់ឡើង ៦១,២ភាគរយ ធៀបននឹងទឹកប្រាក់នៃរយៈពេលដូចគ្នានៃឆ្នាំមុន ដោយកំណើននេះត្រូវបានគាំទ្រដោយតម្រូវការសកលជាបន្តបន្ទាប់ ដែលភ្ជាប់ទៅនឹងបញ្ញាសិប្បនិម្មិត (AI)។ រីឯការនាំចេញរថយន្ត បានកើនឡើង ១៦,៤ភាគរយ។
ការនាំចេញទៅប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន បានកើនឡើង ១៧,៩ភាគរយ ខណៈពេលដែលការដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ១២,៥ភាគរយ។ តែការនាំចេញទៅកាន់តំបន់មជ្ឈិមបូព៌ា បានធ្លាក់ចុះ ៣២ភាគរយ ដោយសារតែការរំខានដល់លំហូរពាណិជ្ជកម្ម ក្នុងតំបន់នេះ ដែលបណ្តាលមកពីសង្គ្រាមអាមេរិក-អ៊ីរ៉ង់។
យ៉ាងណាក្ដី ទោះបីជាមាននូវតួលេខរឹងមាំនេះក៏ដោយ ក៏បរិមាណនាំចេញ បានកើនឡើងត្រឹមតែ ០,៥ភាគរយប៉ុណ្ណោះ ដែលបង្ហាញថា ផ្នែកមួយនៃការកើនឡើងនៃតម្លៃនាំចេញ បានឆ្លុះបញ្ចាំងពីតម្លៃឡើងខ្ពស់ និងកម្សោយប្រាក់យ៉េន៕


