អ្នកតាំងលំនៅអ៊ីស្រាអែលបានដុតវិហារឥស្លាមមួយ នៅក្នុងភូមិមួយនៃតំបន់វេសបែង( West Bank) នៅថ្ងៃពុធនេះ ខណៈដែលអ្នកសារព័ត៌មាន AFP នៅកន្លែងកើតហេតុ បានឃើញសញ្ញានៃការដុត និងការបំផ្លិចបំផ្លាញ។
ហេតុការណ៍នេះ កើតឡើង ចំពេលមានការកើនឡើងនៃការវាយប្រហារប្រឆាំងនឹងសហគមន៍ប៉ាឡេស្ទីនដោយអ្នកតាំងលំនៅនៅក្នុងតំបន់វេសបែង ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃ សង្គ្រាមហ្កាហ្សា ក្នុងឆ្នាំ ២០២៣។
លោក Osama Abdullah ប្រធានក្រុមប្រឹក្សាភូមិ Jiljiliya ភាគខាងជើងនៃទីក្រុងរ៉ាម៉ាឡា បានប្រាប់សារព័ត៌មាន AFP ថា៖«អ្នកតាំងលំនៅបានដុតបន្ទប់ងូតទឹក បណ្តាលឲ្យខូចខាតដល់វិហារឥស្លាមដ៏ធំរបស់ភូមិនេះ និងសរសេរពាក្យស្លោកអរិភាពនៅលើជញ្ជាំងខាងក្រៅ»។
យោធាអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ AFP ទេ។
អ្នកកាសែត AFP ដែលបានទៅពិនិត្យមើលវិហារឥស្លាមនៅថ្ងៃពុធនេះ បានរាយការណ៍ថា ពិដាន ជញ្ជាំង និងកម្រាលឥដ្ឋ បានឡើងខ្មៅដោយសារផ្សែង និងអណ្តាតភ្លើងឆាបឆេះ៕

