អ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN)លោក Stephane Dujarric និយាយថា ក្រុមថែរក្សាសន្តិភាព UNIFIL ក្នុងប្រទេសលីបង់ កំពុងបន្តតាមដានអំពើហិង្សា និងការវាយប្រហារគ្នាទៅវិញទៅមក នៅតំបន់ប្រតិបត្តិការរបស់ពួកគេ ប៉ុន្តែការកើនឡើងភាពតានតឹង បានថមថយច្រើន ចាប់តាំងពីចុងសប្តាហ៍រហូតមក ។

ស្របពេលបេសកកម្មមួយនេះ នៅតែរកឃើញការបំពានដែនអាកាសពីសំណាក់អ៊ីស្រាអែល ហើយនិងការវាយប្រហារកាំជ្រួចផ្លោងលើកងកម្លាំងការពារអ៊ីស្រាអែល លោក Dujarric និយាយថា អំពើហិង្សា បានធ្លាក់ចុះយ៉ាងឆាប់រហ័ស ។
លោក Dujarric និយាយថា កងកម្លាំង UNIFIL បានអង្កេតសកម្មភាពជើងគោករបស់អ៊ីស្រាអែល រួមទាំងចលនារបស់រថពាសដែក ភស្តុភារ និងប្រតិបត្តិការរបស់កងវិស្វកម្មអ៊ីស្រាអែលផងដែរ ។
បើទោះបីជាកម្រិតធ្លាក់ចុះនៃអំពើហិង្សាយ៉ាងណាក៏ដោយ ឧបទ្ទេវហេតុនៅតែបន្តធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់ជនស៊ីវិល ក្នុងការបំលាស់ទីដោយសុវត្ថិភាព ដើម្បីវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ ឬវាយតម្លៃការខូចខាតទ្រព្យសម្បត្តិរបស់ពួកគេ ។
នៅជួរមុខមនុស្សធម៌ កងកម្លាំង UNIFIL បានជួយសម្របសម្រួលបេសកកម្មទៅកាន់ទីក្រុង Tyre និងតំបន់ជុំវិញ ដោយសហការណ៍ជាមួយដៃគូមនុស្សធម៌អង្គការសហប្រជាជាតិ(UN) ។
ខណៈពេលនោះដែរ អាជ្ញាធរលីបង់និយាយថា គ្រួសារជម្លៀសខ្លួនមួយចំនួន បានចាប់ផ្តើមចាកចេញពីជំរំសមូហភាពរបស់ពួកគេ បន្ទាប់ពីសេចក្តីប្រកាសពីកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ៕

