នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នៅថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦) នេះ បានគូសបញ្ជាក់ពីភាពចាំបាច់នៃការធ្វើពិពិធកម្មថាមពល និងពាណិជ្ជកម្ម ដោយលើកឡើងពីផលប៉ះពាល់ធ្ងន់ធ្ងរទូទាំងពិភពលោក ដោយសារការបិទច្រកសមុទ្រ Hormuz។
ក្នុងអំឡុងពេលមានសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Evian របស់ប្រទេសបារាំង នៅខាងក្រៅកិច្ចប្រជុំកំពូលនៃមេដឹកនាំក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ (G7) លោក Carney បានប្រាប់អ្នកសារព័ត៌មានថា៖ «មេរៀនមួយនៃការយល់ដឹងស៊ីជម្រៅ គឺការធ្វើពិពិធកម្ម»។

លោកបានកត់សម្គាល់ថា «ផ្លូវទឹកដ៏តូចចង្អៀត» ជាយុទ្ធសាស្ត្រ នៅតំបន់មជ្ឈិមបូព៌ា ជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ទៅលើការចំណាយនៃការរស់នៅ ក្នុងនោះរួមទាំងតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ សម្រាប់ពលរដ្ឋកាណាដា។ លោក Carney បានបន្តថា មិនមានការធ្វើពិពិធកម្មគ្រប់គ្រាន់ នៅក្នុងតំបន់នោះទេ ហើយកាណាដា មានសមត្ថភាពធ្វើរឿងជាច្រើន។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីរូបនេះបានរៀបរាប់លម្អិតអំពីការប្តេជ្ញាចិត្តរបស់ប្រទេសកាណាដា ក្នុងការធ្វើឲ្យទីផ្សារមានស្ថិរភាព ដោយពង្រីកវិសាលភាពថាមពលរបស់ខ្លួន។ លោកបានបញ្ជាក់ថា ប្រទេសនេះមានគោលបំណងផលិតឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ១៥០មេហ្គាតោន នៅចុងឆ្នាំនេះ ដើម្បីបំពេញតម្រូវការកើនឡើងពីដៃគូអឺរ៉ុប។
លោក Carney បានគូសបញ្ជាក់ពីកិច្ចព្រមព្រៀងទិញយកឧស្ម័នធម្មជាតិរាវ (LNG) ដែលមានស្រាប់ជាមួយអាល្លឺម៉ង់ និងបានកត់សម្គាល់ថា កិច្ចព្រមព្រៀងបន្ថែមទៀតជាមួយប្រទេសអឺរ៉ុប កំពុងត្រូវបានបញ្ចប់។ លើសពីនេះ ទីក្រុងអូតាវ៉ាកំពុងផ្តោតលើការពង្រីកបំពង់បង្ហូរប្រេង Trans Mountain (TMX) និងផ្លូវថ្មីនាពេលខាងមុខទៅកាន់សហរដ្ឋអាមេរិក ដើម្បីធានាបាននូវបណ្តាញចែកចាយកាន់តែទូលំទូលាយ៕

