ភ្នំពេញ៖ កម្ពុជាបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីគោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដើម្បីប្រមូលធាតុចូលពីដៃ គូពាក់ព័ន្ធ សម្រាប់ការរៀបចំសេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ, ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២២នេះ អញ្ជើញជាអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី គោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធ សម្រាប់ការរៀបចំសេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ, លើកកម្ពស់ការយល់ដឹងអំពីការវិវត្តវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈម, និងចែករំលែកគំនិត និងទស្សនវិស័យរបស់អ្នកជំនាញ ដែលមានគោលដៅក្នុងការជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
សិក្ខាសាលានឹងប្រារព្ធឡើង រយៈពេល ១ថ្ងៃកន្លះ ចាប់ពីថ្ងៃទី ២៦ និង ២៧ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានហិរញ្ញវត្ថុធនាគារនិងមិនមែនធនាគារ, សមាគម, និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីជម្រុញបង្កើតគោលនយោបាយ និងទិសដៅនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា បានគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា សម្រាប់បម្រើក្នុងវិស័យហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព៕ អត្ថបទ៖ ស៊ុន រ៉ាឌី




