មេបញ្ជាការមួយរូបរបស់រណសិរ្សនៅក្នុងក្រុមមួយនេះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅក្នុងព្រៃជ្រៅ ស្ថិតនៅតំបន់ភាគពាយ័ព្យប្រទេសកូឡុំប៊ីថា កងទ័ពរំដោះជាតិកូឡុំប៊ី(ELN) ចង់ស្វែងរកសន្តិភាពជាមួយនរណាម្នាក់ដែលត្រូវបានជ្រើសរើសជាប្រធានាធិបតីបន្ទាប់របស់ប្រទេសមួយនេះ នៅថ្ងៃអាទិត្យខាងមុខ ប៉ុន្តែពួកគេមានជំនឿចិត្តផងដែរថា ពួកគេអាចរស់រានពីការវាយប្រហារថ្មីរបស់យោធា ដែលបានសន្យាដោយក្រុមស្តាំនិយម ។
កូឡុំប៊ី នឹងជ្រើសរើសអ្នកបន្តវេនពីប្រធានាធិបតីឆ្វេងនិយមលោក Gustavo Petro ដែលបានព្យាយាម តែពុំបានជោគជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមប្រដាប់អាវុធ អំឡុងអាណត្តិរបស់លោក ។
សម្ព័ន្ធមិត្តរបស់លោក Petro គឺលោក Ivan Cepeda សន្យាបន្តជំរុញកិច្ចសន្ទនា ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងអស់រយៈពេលជាង ៦ឆ្នាំនៅកូឡុំប៊ី ប៉ុន្តែរូបលោកកំពុងដើរដេញតាមនៅក្នុងការស្ទង់មតិ ពីក្រោយលោកមេធាវីស្តាំនិយម Abelardo De La Espriella ដែលសន្យាបង្ក្រាបក្រុមប្រដាប់អាវុធខុសច្បាប់ ដូចជាក្រុមឧទ្ទាម ELN ។
សូមបញ្ជាក់ថា ក្រុមឧទ្ទាម ELN ដែលមានសមាជិកជាង ៦ពាន់នាក់ រវាងយុទ្ធជនប្រដាប់អាវុធ និងក្រុមអ្នកគាំទ្រមិនប្រដាប់អាវុធ បានរៀបចំកិច្ចប្រជុំសន្តិភាពជាមួយរដ្ឋាភិបាលជាច្រើនលើកច្រើនសារ ចាប់តាំងពីឆ្នាំ ១៩៩១រហូតមក ប៉ុន្តែពួកគេពុំអាចឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ ដោយសារ គោលជំហរដ៏ម៉ឹងម៉ាត់របស់ពួកគេ ៕