
ស្ថិតក្នុងគំនរបាក់បែកនៅទីក្រុងភាគខាងត្បូង Khan Younis តំបន់ហ្កាហ្សា លោក Fadi Al-Arawi បានព្យាយាមមើលការប្រកួតបាល់ទាត់ ក្នុងព្រឹត្តការណ៍ World Cup ជាមួយជនប៉ាឡេស្ទីនផ្សេងទៀត ដោយប្រើប្រាស់ Laptop ។
លោក Al-Arawi និយាយថា ប្រព័ន្ធអ៊ីនធឺណិតរអាក់រអួលខ្លាំងណាស់ ។ លោកពុំមានប្រព័ន្ធអ៊ីនធឺណិតដូចពេលដែលរូបលោកមើលព្រឹត្តការណ៍បាល់ទាត់ពិភពលោកនៅប្រទេសកាតាកាលពីឆ្នាំ ២០២២នោះទេ ពេលនោះពួកយើងមានគ្រប់យ៉ាង មានទាំងចរន្តអគ្គិសនី អ៊ីនធឺណិត ឬសូម្បីតែផ្ទះ ។
ខណៈពេលនោះដែរ យានដ្រូនអ៊ីស្រាអែល បានហោះសំកាំងនៅពេលយប់ ជាការដាស់តឿនមួយពីការគំរាមកំហែង ។
លោកថា រាល់ថ្ងៃវាគឺជារឿងរ៉ាវតែមួយ ។ មានតែព្រះទេបានដឹងថា មានអ៊ីនធឺណិត ឬគ្មានអ៊ីនធឺណិត ព្រះដឹងថាពួកយើងជួបជុំគ្នានៅទីនេះ ។ តើអ្នកមានឮសំឡេងយានដ្រូនទេ ពួកយើងអាចនឹងនៅរស់ ឬត្រូវស្លាប់ ពួកយើងអាចនឹងត្រូវគេទម្លាក់គ្រាប់បែកលើ ។
ការគំរាមកំហែងនេះដែរ ពុំបានបង្អាក់ទឹកចិត្តក្រុមអ្នកគាំទ្រវិស័យបាល់ទាត់ពីការជួបជុំគ្នានៅហាងកាហ្វេ ស្ថិតក្នុងទីក្រុងហ្កាហ្សានោះឡើយ ដើម្បីមើលការប្រកួតបាល់ទាត់ ។
ម្ចាស់ហាងកាហ្វេ បានដំឡើងបណ្តាញថាមពល ២ជម្រើសជាមួយអាគុយមួយជម្រើស ដើម្បីធានាថា ការប្រកួតនៅពេលយប់ជ្រៅ នៅបន្តអាចមើលបាន ពេលដែលពន្លត់ម៉ាស៊ីនភ្លើង ក្រោយយប់ពាក់កណ្តាលអាធ្រាត្រ ។
លោក Hadi Abu Rizq ដែលជាអ្នកគាំទ្របាល់ទាត់មួយរូបនិយាយថា ពលរដ្ឋហ្កាហ្សា ពុំដែលរួចផុតពីសេចក្តីភ័យខ្លាចម្តងណាឡើយ ពេលដែលពួកគេចេញក្រៅ ។
លោកនិយាយថា ហាងកាហ្វេអាចក្លាយជាគោលដៅវាយប្រហារ ខណៈដែលលោកចាកចេញពីការប្រកួតដែលលោកកំពុងមើលឥឡូវ អ្វីជាប់នឹងលោកអាចនឹងក្លាយជាគោលដៅវាយប្រហារ ហើយលោកអាចនឹងត្រូវបាត់បង់អាយុជីវិតរបស់លោក ។
លោក Abu Rizq បន្តថា ប៉ុន្តែបើទោះបីជាអ្វីៗពួកយើងរងគ្រោះយ៉ាងណាក៏ដោយ ពួកយើងត្រូវតែបន្ត ពួកយើងត្រូវតែមើលការប្រកួត បើទោះបីជាពួកយើងត្រូវស្លាប់ក៏ដោយ ៕