ភ្នំពេញ៖ បន្ទាប់ពីឡើងការពារសេចក្តីព្រាងច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីពិនិត្យ និងពិភាក្សាលើខ្លឹមសាររួចមក ក្រសួងពាណិជ្ជកម្ម នឹងដាក់បញ្ចូលសេចក្តីព្រាងច្បាប់នេះ ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គ នៃរដ្ឋសភានាពេលខាងមុខនេះ។
ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ កាលពីរសៀលថ្ងៃទី២៥ មេសា ឆ្នាំ២០២២កន្លងទៅ នៅវិមានរដ្ឋសភា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារចូលជាធរមាន នឹងបង្កើតបាននូវយន្តការគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម និងធានាថា ផលិតផលម្ហូបអាហារដែលចរាចរនៅលើទីផ្សារកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។
ច្បាប់នេះ ក៏នឹងកំណត់លក្ខខណ្ឌតម្រូវជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារ មានសុវត្ថិភាព គុណភាព និងស្របតាមស្តង់ដាកំណត់ សំដៅធានាកម្រិត នៃការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាព នៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជម្រុញឱ្យមានការអនុវត្តនូវវិធានការអនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយរបាំងបច្ចេកទេស ស្របតាមលក្ខខណ្ឌតម្រូវនៃពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ ដែលជាវិធានការប្រកបដោយប្រសិទ្ធភាព សម្រាប់កម្ពុជារៀបចំប្រព័ន្ធត្រួតពិនិត្យម្ហូបអាហាររបស់ខ្លួន ដោយផ្អែកតាមគោលការណ៍អភិក្រមហានិភ័យ ដើម្បីទាក់ទាញវិនិយោគ ជំរុញប្រសិទ្ធភាពនៃការធ្វើពិពិធកម្មនាំចេញម្ហូបអាហារ និងធានាបាននូវការប្រកួតប្រជែងប្រកបដោយសមធម៌និងយុត្តិធម៌។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូនអង្គប្រជុំបន្ថែមទៀត អំពីលក្ខណៈពិសេសនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះ នឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជា រៀបចំនូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ដែលមានលក្ខណៈទំនើបតាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែចង្វាក់ផលិតកម្ម ប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច។
ច្បាប់នេះ នឹងអនុញ្ញាតឱ្យកម្ពុជាអាចទទួលយកនូវស្តង់ដាជាតិ និងអន្តរជាតិ ដើម្បីកំណត់ជាបទប្បញ្ញត្តិបច្ចេកទេស និងលក្ខខណ្ឌតម្រូវម្ហូបអាហារ ដើម្បីអនុវត្តនៅតាមខ្សែចង្វាក់ផលិតកម្មម្ហូបអាហារទាំងមូល ចាប់ពីដំណាក់កាលផលិតដំបូង ការកែច្នៃ ការដាក់លក់ រហូតដល់ការប្រើប្រាស់ចុងក្រោយ ដែលជាគោលការណ៍មួយយ៉ាងសំខាន់ ក្នុងការជំរុញផលិតផលកម្ពុជាឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោក៕ អត្ថបទ៖ ឈិត បូរ៉ាវី
