បាល់ទាត់៖ ការប្រកួតក្របខណ្ឌអ៊ីតាលី Serie A រវាងក្រុមកំពូលតារាង Inter Milan និង Sassuolo ថ្ងៃសៅរ៍ស្អែកនេះត្រូវបានសំរេចលើកពេលហើយ បន្ទាប់ពីករណីឆ្លងច្រើនក្នុងក្លិប Inter Milan ស្របពេលក្លិបក៏បានហាមមិនឲ្យកីឡាកររបស់ខ្លួន ចាកចេញទៅចូលរួមក្រុមជំរើសជាតិផងដែរ។
ខ្សែការពារ Stefan de Vrij និងខ្សែបំរើ Matias Vecino ជាកីឡាករចុងក្រោយដែលគេធ្វើតេស្តឃើញវិជ្ជមាន Covid-19 បន្ទាប់ពីអ្នកចាំទី Samir Handanovic, ខ្សែការពារ Danilo D’Ambrosio សុទ្ធតែតេស្តវិជ្ជមានកាលពីដើមសប្ដាហ៍។ Inter Milan បានឲ្យដឹងថា អាជ្ញាធរសុខាភិបាលក្នុងទីក្រុង Milan បានសំរេចផ្អាកមិនឲ្យមានសកម្មភាពកីឡា របស់ក្លិបរយៈពេល ៤ថ្ងៃដែលបូករួមទាំងជំនួបរវាង Inter Milan និង Sassuolo ផងដែរ។
កីឡាករ គ្រូបង្វឹក និងក្រុមការងារទាំងអស់របស់ក្លិប នឹងត្រូវធ្វើតេស្តម្តងទៀតនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ។ Inter Milan កំពុងស្ថិតក្នុងដំណើរស្វែងរកជើងឯកអ៊ីតាលី Serie A លើកដំបូងក្នុងរយៈពេលជាង ១០ឆ្នាំ ខណៈក្រុមរបស់លោក Antonio Conte កំពុងនាំមុខដាច់ក្នុងតារាងដល់ទៅ ៩ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ