លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី និងចិន អំពីការកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែរ។

លោកបានចង្អុលបង្ហាញថា សហរដ្ឋអាមេរិកមានអាវុធនុយក្លេអ៊ែរច្រើនជាងគេ បន្ទាប់មក គឺ រុស្ស៊ី ដែលឈរនៅលំដាប់ទី ២ ខណៈដែលប្រទេសចិនកំពុងកសាងឃ្លាំងអាវុធរបស់ខ្លួនយ៉ាងសកម្ម ហើយអាចប្រៀបធៀបចំនួនពួកវាបាន ក្នុងរយៈពេល ៥ឆ្នាំ ទៀត។

លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្រុមប្រទេស G7 នៅប្រទេសបារាំងថា៖«យើងគួរតែធ្វើកិច្ចព្រមព្រៀងលុបបំបាត់អាវុធនុយក្លេអ៊ែរ។ វានឹងអស្ចារ្យណាស់។ យើងមិនត្រូវការទាំងអស់នោះទេ។ យើងមិនចាំបាច់អាចបំផ្ទុះពិភពលោកទាំងមូល ៣០០ ដង នោះទេ។ វាពិតជាគួរឲ្យខ្លាចណាស់។ ប្រសិនបើយើងអាចធ្វើកិច្ចព្រមព្រៀងលុបបំបាត់អាវុធនុយក្លេអ៊ែរបាន ខ្ញុំពិតជារីករាយណាស់»។
លោកបានបន្តថា៖«ម្នាក់ក្នុងចំណោមពីរនាក់នោះ មានឆន្ទៈក្នុងការធ្វើកិច្ចព្រមព្រៀងនោះ។ ខ្ញុំនឹងប្រាប់អ្នកថា ម្នាក់ទៀតមិនសូវមានឆន្ទៈក្នុងការធ្វើវាទេ ហើយអ្នកត្រូវការពួកគេទាំងអស់គ្នាធ្វើវា»៕