ស្នូកឃ័រ៖ កីឡាករស្នូកឃ័រអូស្ត្រាលី Neil Robertson ដែលជាបេក្ខភាពប្រជែងជើងឯកពិភពលោកឆ្នាំនេះបានធ្លាក់ចេញពីការប្រកួតហើយ បន្ទាប់ពីចាញ់កីឡាករម្ចាស់ផ្ទះអង់គ្លេស Jack Lisowski នៅហ្វ្រេមកាត់សេចក្តី ១៣-១២។ កីឡាករវ័យ ៤០ឆ្នាំរូបនេះបានវាយមួយឈើបានពិន្ទុអតិបរមា ១៤៧ពិន្ទុជាលើកទី១២ ក្នុងអាជីពដើម្បីនាំមុខ ១១-១០ហ្វ្រេមលើ Lisowski។

តែបន្ទាប់ពីហ្វ្រេមដ៏អស្ចារ្យរបស់ Neil Robertson កីឡាករវ័យ ៣០ឆ្នាំ Jack Lisowski មិនខ្វល់ឡើយដោយបានយកឈ្នះពីរហ្វ្រេមផ្ទួនៗ។ ជ័យជំនះនេះធ្វើឱ្យកីឡាករលំដាប់លេខ ១៤ ពិភពលោក Jack Lisowski ត្រូវបន្តជួបជាមួយកីឡាករស្កុតឡេន John Higgins នៅវគ្គ ៨នាក់ចុងក្រោយបន្ទាប់ពី Higgins បានយកឈ្នះកីឡាករថៃ Noppon Saengkham ១៣-៧ហ្វ្រេម។ សម្រាប់ Neil Robertson ការវាយមួយឈើបាន ១៤៧ពិន្ទុអតិបរមានេះក៏ទទួលបានប្រាក់រង្វាន់ ១៥,០០០ផោនផងដែរ។
ចំណែកការប្រកួតម្សិលមិញផងដែរ ជើងឯកពិភពលោកឆ្នាំ២០១៩ Judd Trump បានកក់កៅអីនៅវគ្គ ៨នាក់ចុងក្រោយបន្ទាប់ពីយកឈ្នះកីឡាករស្កុតឡេន Anthony McGill ១៣-៩ហ្វ្រេម។ វគ្គ ៨នាក់ចុងក្រោយនឹងប្រកួតចំនួនពីរគឺថ្ងៃនេះ និងស្អែកដែលរួមមាន Yan Bingtao ជួប Mark Williams, Stuart Bingham ជួប Judd Trump, Jack Lisowski ជួប John Higgins និង Stephen Maguire ជួប Ronnie O’Sullivan៕
អត្ថបទ៖នាង សុភាវុធ