មន្ត្រីអ៊ីស្រាអែលពីររូបរួមទាំងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ ដែលជិតស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃព្រហស្បតិ៍នេះថា អ៊ីស្រាអែលកំពុងធ្វើការចរចាជាមួយសហរដ្ឋអាមេរិក ខណៈដែលខ្លួនកំពុងស្វែងរកការបន្តដាក់ពង្រាយកងទ័ពនៅភាគខាងត្បូងប្រទេសលីបង់។

មន្ត្រីទាំងនោះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីកិច្ចចរចាដ៏រសើបនេះ បានធ្វើអត្ថាធិប្បាយបែបនេះ មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដែលអំពាវនាវឲ្យភាគីនានាធានានូវ «បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសលីបង់»។
អ៊ីស្រាអែលបានពង្រីកការឈ្លានពានរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីកងជីវពលហេសបូឡានៅប្រទេសលីបង់បានបើកការបាញ់ប្រហារលើអ៊ីស្រាអែល នៅថ្ងៃទី ០២ ខែមីនា ដើម្បីគាំទ្រសម្ព័ន្ធមិត្តអ៊ីរ៉ង់របស់ខ្លួន។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានធ្វើយុទ្ធនាការផ្លូវអាកាស និងដីដ៏បំផ្លិចបំផ្លាញមួយ ដែលខ្លួននិយាយថា មានគោលបំណងកម្ចាត់ក្រុមហេសបូឡាទាំងស្រុង។
អ៊ីស្រាអែលពិពណ៌នាអំពីទឹកដីដែលខ្លួនបានដណ្តើមយកនៅលីបង់ ហ្កាហ្សា និងស៊ីរី ថា ជា «តំបន់ទ្រនាប់» រវាងខ្លួន និងសត្រូវរបស់ខ្លួន ដែលជាទិដ្ឋភាពដ៏សំខាន់នៃគោលនយោបាយសន្តិសុខថ្មីៗរបស់អ៊ីស្រាអែល។ លោក ណេតាន់យ៉ាហ៊ូ បានបដិសេធការអំពាវនាវឲ្យអ៊ីស្រាអែលដកខ្លួនចេញពីទឹកដីទាំងនោះ៕
