ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២១ នៅទីក្រុងម៉ានីល នាចុងឆ្នាំនេះ។
លោក Marcos បានធ្វើការអញ្ជើញនេះ ក្នុងអំឡុងពេលមានជំនួបទ្វេភាគីជាមួយលោក Putin នៅទីក្រុង Kazan ភាគនិរតីនៃប្រទេសរុស្ស៊ី កាលពីយប់ថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ២០២៦)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រធានាធិបតីហ្វីលីពីន។
ប្រធានាធិបតីហ្វីលីពីន ក្នុងនាមជាប្រធានបច្ចុប្បន្ននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASeAN) ដែលមានសមាជិកចំនួន ១១ប្រទេស កំពុងស្ថិតនៅទីក្រុង Kazan ជាកន្លែងដែលលោក Putin នឹងធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំនៃប្លុកនេះ នាថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចប្រជុំកំពូលរំលឹកខួបលើកទី៣៥ នៃចំណងមិត្តភាពរបស់ភាគីទាំង២។
លោក Marcos បានប្រាប់លោក Putin ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា «នៅតែជាផ្នែកសំខាន់ ក្នុងការរក្សាប្រព័ន្ធសហប្រតិបត្តិការ រវាងប្រទេសនានា ក្នុងតំបន់ ឆ្ពោះទៅរកគោលដៅរួមរបស់យើង ពោលគឺជាតំបន់ដែលមានស្ថិរភាព សុវត្ថិភាព និងវិបុលភាព»។
ជាមួយគ្នានេះដែរ មុនកិច្ចប្រជុំកំពូលមេដឹកនាំនេះ រដ្ឋមន្ត្រីអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី លោក Maksim Reshetnikov បានប្រាប់វេទិកាធុរកិច្ចអាស៊ាន-រុស្ស៊ី កាលពីថ្ងៃពុធថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងប្លុក បានកើនឡើង ៥៨ភាគរយ ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ដោយឈានដល់កម្រិត ២១ពាន់លានដុល្លារ។
ពាក់ព័ន្ធនឹងវិស័យទ្វេភាគី លោក Marcos បានស្វែងរក «កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចដ៏រឹងមាំជាងមុន» ជាមួយរុស្ស៊ី ដោយបញ្ជាក់ពីសក្តានុពលដ៏ធំធេងរបស់ហ្វីលីពីន សម្រាប់ការរុករក ជាពិសេសក្នុងវិស័យថាមពល និងសន្តិសុខស្បៀងអាហារ៕

