ស្ថាប័នជាន់ខ្ពស់របស់សម្ព័ន្ធយោធាសម្រាប់ទប់ស្កាត់ការវាយប្រហារដោយនុយក្លេអ៊ែរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គការណាតូនៅថ្ងៃព្រហស្បតិ៍នេះ បានយល់ព្រម ដើម្បីធ្វើទំនើបកម្មសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន និងពង្រឹងសមត្ថភាពផែនការនុយក្លេអ៊ែររបស់ខ្លួន។

សម្ព័ន្ធមិត្តណាតូទាំងអស់លើកលែងតែប្រទេសបារាំង គឺជាសមាជិកនៃក្រុមរៀបចំផែនការនុយក្លេអ៊ែរ(NPG) ដែលបម្រើជាវេទិកាសម្រាប់ការពិគ្រោះយោបល់ និងការធ្វើការសម្រេចចិត្តលើការទប់ស្កាត់ការវាយប្រហារដោយនុយក្លេអ៊ែរ។
សេចក្តីថ្លែងការណ៍នេះ បាននិយាយថា រដ្ឋមន្ត្រីការពារជាតិដែលចូលរួមក្នុងកិច្ចប្រជុំ «បានរំលឹកថា កងកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្ររបស់សម្ព័ន្ធមិត្ត នៅតែជាការធានាដ៏សំខាន់បំផុតនៃសន្តិសុខសម្ព័ន្ធមិត្ត និងជាមូលដ្ឋានគ្រឹះនៃសន្ធិសញ្ញាការពារសម្ព័ន្ធមិត្តរបស់អង្គការណាតូ»។
ក្រុមនេះបាននិយាយថា៖«រដ្ឋមន្ត្រី NPG បានយល់ព្រមបន្តបង្កើនបេសកកម្មទប់ស្កាត់ការវាយប្រហារដោយនុយក្លេអ៊ែររបស់អង្គការណាតូ ដោយធ្វើទំនើបកម្មសមត្ថភាពនុយក្លេអ៊ែររបស់ណាតូ ពង្រឹងសមត្ថភាពផែនការនុយក្លេអ៊ែររបស់ខ្លួន និងសម្របខ្លួន ដើម្បីសម្រេចបាននូវផលប្រយោជន៍សន្តិសុខរបស់ខ្លួន»៕
