ព្រះសីហនុ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានថ្លែងឲ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចវឌ្ឍនភាពការងារបាន៩០,៩៥%ហើយ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ត្រៀមនឹងបញ្ចប់ដាក់ឲ្យប្រើប្រាស់សាកល្បងនៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវជំនឿយ៉ាងមុតមាំថាផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុមានការរីកចម្រើនលឿនជាងធម្មតាដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ និងបានបន្ថែមថារាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេដើម្បីឱ្យខេត្តព្រះសីហនុក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត៕អត្ថបទ ៖ ប្រាក់ វាន់ដា









