លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា៖ «ខ្ញុំម្ចាស់សូមលំឱនកាយក្រាបថ្វាយបង្គំអបអរសាទរ និងថ្លែងអំណរព្រះគុណដោយការគោរពដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល» ចំពោះព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតឱ្យខ្ញុំម្ចាស់ជាព្រះរាជតំណាងទទួលជំនួសនូវ “ពានសមាជិកភាពជើងឯក (CHAMPIONS AWARD)” ដែលសហគមន៍ Olave Baden-Powell Society (OB-PS) ថ្វាយ «សម្តេចព្រះមហាក្សត្រី» អំឡុងពេលដែលកម្ពុជាកំពុងទទួលរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់ សហគមន៍ OB-PS លើកទី៤២ នៅលើដែនដីអង្គរដ៏ពិសិដ្ឋ ខេត្តសៀមរាប ។
ក្នុងវេលានេះដែរ នាងខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីទុកចិត្ត និងការផ្តល់កិត្តិយសដ៏ថ្លៃថ្លាដល់រូបនាងខ្ញុំដែលត្រូវបានតែងតាំងជា “ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា (National President of OB-PS Cambodia)” និងប្រគល់ “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ (PRINCESS BENEDIKTE AWARD)” ពីសហគមន៍ Olave Baden- Powell Society (OB-PS) ។
ជាទីមោទនៈក្រៃលែងទៀតនោះ នាងខ្ញុំសូមប្រគល់ភាពជោគជ័យនេះជូនចំពោះថ្នាក់ដឹកនាំ សមាជិកា សមាជិកគាំទ្រនៃសមាគមកាយឫទ្ធិនារីកម្ពុជា រួមទាំងក្រុមការងារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តនាពេលកន្លងមក»៕







