ក្នុងជំនួបទ្វេភាគីរវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ជាមួយ ឯកឧត្តម Vladimir Putin ប្រធានាធិបតីរុស្ស៊ី មេដឹកនាំប្រទេសទាំងពីរ បានបង្ហាញនូវភាពស្និទ្ធស្នាល កក់ក្ដៅ ប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក ឆ្លុះបញ្ចាំងពីមិត្តភាពដ៏ល្អ និងដ៏យូរអង្វែងរវាងកម្ពុជា និងរុស្ស៊ី ខណៈមេដឹកនាំប្រទេសទាំងពីរក៏បង្ហាញនូវការពេញចិត្តខ្លាំងចំពោះការរីកចម្រើននៃទំនាក់ទំនប្រទេសទាំងពីរ និងប្ដេជ្ញាជំរុញសន្ទុះបន្ថែមទៀត។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីសម្ដេចធិបតីអញ្ជើញនិវត្តន៍មកដល់កម្ពុជាវិញនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះថា
ក្នុងជំនួបទ្វេភាគីរវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ជាមួយ ឯកឧត្តម Vladimir Putin ប្រធានាធិបតីរុស្ស៊ី មេដឹកនាំប្រទេសទាំងពីរ បានសម្ដែងនូវការពេញចិត្តខ្លាំងចំពោះការរីកចម្រើនជាលំដាប់ និងជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគីកម្ពុជា និងរុស្ស៊ី។ ឯកឧត្តមបញ្ជាក់ថា មេដឹកនាំទាំងពីរ ក៏ប្ដេជ្ញាចិត្តក្នុងការរក្សាសន្ទុះវិជ្ជមាននេះនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីតទៅមុខ។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បញ្ជាក់ថា កិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្ដីកម្ពុជា និងប្រធានាធិបតីរុស្ស៊ី បានសង្គត់ធ្ងន់លើវិស័យសំខាន់ៗចំនួនបី គឺទី១ កិច្ចសហប្រតិបត្តិការនយោបាយ និងកាទូត, ទី២ ពាណិជ្ជកម្ម កសិកម្ម និងថាមពល និងទី៣ ការតភ្ជាប់ពិសេសរវៀងប្រជាជន និងប្រជាជន។
បើតាមឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានឱ្យដឹងថា ក្នុងជំនួបនេះ សម្ដេចធិបតី បានស្នើរុស្ស៊ីឱ្យពង្រីក និងពង្រឹងការវិនិយោគនៅកម្ពុជា ឱ្យពិចារណាទៅលើសំណើររបស់កម្ពុជាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ រវៀងកម្ពុជា និងសហភាពសេដ្ឋកិច្ចអ៊ឺរ៉ាស៊ីផងដែរ។ ក្នុងជំនួបនេះ សម្ដេចធិបតី ក៏បានអំពាវនាវឱ្យកម្ពុជា និងរុស្ស៊ី បន្តកិច្ចសហប្រតិបត្តិការលើវិស័យថាមពល កសិកម្ម អប់រំ ទេសចរណ៍ និងសុខាភិបាល។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បន្ថែមថា ជារួមជំនួបទ្វេភាគីកម្ពុជា និងរុស្ស៊ី ស្ដែងឱ្យឃើញនូវសារៈសំខាន់ចំនួនបី៖ ក្នុងនោះសារៈសំខាន់ទី១ គឺគុណភាពនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី ខណៈរយៈពេល ៧០ឆ្នាំកន្លងមកហើយដែលកម្ពុជា និងរុស្ស៊ីឈរនៅជាមួយគ្នា ពិសេសក្នុងគ្រាដែលកម្ពុជាឆ្លងកាត់ទុក្ខវេទនាខ្លាំង (ពេញមួយទសវត្សរ៍ឆ្នាំ១៩៨០)។ មិត្តភាពប្រកបគុណភាព និងមានលក្ខណៈយូរអង្វែងនេះស្ដែងឡើងជាអាថតាមរយៈចំនួននិស្សិតខ្មែរ ច្រើនពាន់នាក់ និងជាច្រើនជំនាន់ ដែលបាននឹងកំពុងបន្តទទួលបានការសិក្សាអប់រំនៅសូវៀត និងក្រោយមកទៀតនៅរុស្ស៊ី។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅភ្នំពេញ ដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦០ ដោយសារជំនួយរបស់រុស្ស៊ី ក្នុងសម័យសង្គមរាស្រ្ដនិយម គឺជានិមិត្តរូបមួយនៃមិត្តភាពយូរអង្វែងប្រកបដោយគុណភាពរវាងកម្ពុជា និងរុស្ស៊ី។ សារៈសំខាន់ទី២ នៃជំនួបទ្វេភាគីនេះ គឺជាឱកាសមួយថ្មីដើម្បីឱ្យកម្ពុជាសម្លឹងមើលទៅមុខ ទៅកាន់ទិសដៅរួមគ្នា និងគោលដៅបន្តស្វែងរកផលប្រយោជន៍ជាក់ស្ដែងរួមគ្នាសម្រាប់ប្រជាជនកម្ពុជា និងប្រជាជនរុស្ស៊ី។ សារៈសំខាន់ទី៣ នៃជំនួបទ្វេភាគីនេះ គឺសារនយោបាយដ៏ច្បាស់លាស់របស់សម្ដេចធិបតីនោះគឺកម្ពុជាត្រូវតែបន្តពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី នៅលើពិភពលោកតទៅថ្ងៃមុខទៀត គឺជាទិសដៅនៃគោលនយោបាយការបរទេស ឯករាជ្យ និងប្រកបដោយតុល្យភាពរបស់កម្ពុជា នៅក្នុងបរិបទពិភពលោកមួយមិនជាក់លាក់ ស្មុគស្មាញ និងមិនឋិតថេរទាល់តែសោះ៕







