រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ បាននិយាយថា អឺរ៉ុបចង់បង្កកជម្លោះនៅអ៊ុយក្រែន និងដាក់ពង្រាយកងយោធាអង់គ្លេស-បារាំង ដែលជាសម្ព័ន្ធឆន្ទៈ។

យោងតាមប្រមុខការទូតរុស្ស៊ីរូបនេះ គោលបំណងពិតប្រាកដរបស់មេដឹកនាំអឺរ៉ុប មិនមែនដើម្បីចរចាជាមួយរុស្ស៊ីទេ ប៉ុន្តែដើម្បីជួយសង្គ្រោះរបបរបស់លោក វ្ល៉ូឌីមី ហ្សេឡិនស្គី នៃប្រទេសអ៊ុយក្រែន។
លោក ឡាវរ៉ូវ បានបញ្ជាក់នៅក្នុងអត្ថបទរបស់លោក «អ៊ុយក្រែន អឺរ៉ុប និងសន្តិសុខសកល» ថា «ផែនការនេះ គឺដើម្បី «បង្កក» ជម្លោះដោយមិនដោះស្រាយមូលហេតុឫសគល់របស់វា ហើយបន្ទាប់មកដាក់ពង្រាយកងយោធាពីអង់គ្លេស-បារាំង ដែលជា «សម្ព័ន្ធឆន្ទៈ» ទៅលើដីអ៊ុយក្រែនយ៉ាងឆាប់រហ័ស»។
អត្ថបទរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីដំបូងឡើយ ត្រូវបានគ្រោងនឹងបោះពុម្ពផ្សាយនៅក្នុងសារព័ត៌មាន «Politico-Europe» ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល ប៉ុន្តែតាមរយៈការសម្រេចចិត្តនៅនាទីចុងក្រោយរបស់ក្រុមវិចារណកថារបស់ស្ថាប័ននេះ ការបោះពុម្ពផ្សាយ ត្រូវបានលុបចោល៕

