រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានព្រមានអំពីលទ្ធភាពនៃផលវិបាកដ៏មហន្តរាយ ក្នុងករណីមានការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងអង្គការណាតូ និងរុស្ស៊ី។

លោក Lavrov បានលើកឡើងនៅក្នុងអត្ថបទ «អ៊ុយក្រែន អឺរ៉ុប និងសន្តិសុខសកល»ថា៖«ស្ថានភាពនេះ ទាក់ទងនឹងទិសដៅរបស់អឺរ៉ុបឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី និងការពង្រីកបន្ថែមទៀត បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក។ ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងអង្គការណាតូ និងរុស្ស៊ីអាចកើនឡើងដល់ការវាយប្រហារនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស ជាមួយនឹងផលវិបាកដ៏មហន្តរាយ»។
អត្ថបទរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីដំបូងឡើយ ត្រូវបានគ្រោងនឹងបោះពុម្ពផ្សាយនៅក្នុងសារព័ត៌មាន «Politico-Europe» ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ុចសែល ប៉ុន្តែតាមរយៈការសម្រេចចិត្តនៅនាទីចុងក្រោយរបស់ក្រុមវិចារណកថារបស់ស្ថាប័ននេះ ការបោះពុម្ពផ្សាយ ត្រូវបានលុបចោលវិញ៕
