ប្រទេសអារ៉ាប់រួម បានក្លាយជាប្រទេសអារ៉ាប់ដំបូងគេដែលបានកំណត់អាយុអប្បបរមាសម្រាប់ការចូលប្រើប្រាស់បណ្តាញសង្គម។ ក្រោមច្បាប់ថ្មីដែលត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ កុមារអាយុក្រោម១៥ ឆ្នាំត្រូវបានហាមឃាត់មិនឱ្យបង្កើត ឬប្រើប្រាស់គណនីបណ្តាញសង្គមផ្ទាល់ខ្លួនឡើយ។ ពួកគេក៏ត្រូវបានហាមឃាត់មិនឱ្យបង្ហោះ បញ្ចេញមតិ ចែករំលែក ឬចូលរួមក្រុមជាសាធារណៈ ផងដែរ។
ទោះជាយ៉ាងណា ក្មេងជំទង់ដែលមានអាយុពី១៥ ដល់១៦ឆ្នាំ នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បណ្តាញសង្គម ប៉ុន្តែនឹងត្រូវតែជាគោលដៅនៃការការពារ រួមមានការគ្រប់គ្រងមាតិការផ្អែកលើអាយុ ការពិនិត្យរបស់ឪពុកម្តាយ និងការរឹតត្បិតលើការប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់ដែលមិនស្គាល់គ្នា។ វេទិកាបណ្តាញសង្គមក៏ត្រូវតែអនុវត្តវិធានការផ្ទៀងផ្ទាត់អាយុដ៏ហ្មត់ចត់ដោយប្រើប្រាស់អត្តសញ្ញាណឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) ផងដែរ។
ការប្រកាសអាយុដោយខ្លួនឯង នឹងមិនត្រូវបានទទួលយកជាទម្រង់ផ្ទៀងផ្ទាត់ដែលមានសុពលភាពនោះទេ។ រដ្ឋាភិបាលបាននិយាយថា ចំណាត់ការនេះមានគោលបំណងការពារកុមារពីមាតិការដែលមិនសមរម្យ ហានិភ័យតាមបណ្តាញអ៊ីនធឺណិត និងការប្រើប្រាស់ហួសហេតុ។ ឪពុកម្តាយ នៅប្រទេសអារ៉ាប់រួមបានស្វាគមន៍ចំពោះវិធានការថ្មីនេះ។

