រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot នៅថ្ងៃសុក្រ (ទី១៩ ខែមិថុនា ឆ្នាំ២០២៦)នេះ បាននិយាយថា ប្រទេសអ៊ីស្រាអែលត្រូវតែគោរពការប្តេជ្ញាចិត្ត ក្រោមក្របខ័ណ្ឌបទឈប់បាញ់ នៅលីបង់ និងអំពាវនាវឲ្យសហរដ្ឋអាមេរិកអនុវត្ត «សម្ពាធចាំបាច់ទាំងអស់» ដើម្បីធានាឲ្យបាននូវការអនុលោមតាម។
លោក Barrot បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Franceinfo ថា «គោលការណ៍ដំបូងនៃកិច្ចព្រមព្រៀង គឺការបញ្ឈប់អរិភាព នៅគ្រប់សមរភូមិ រួមទាំងនៅលីបង់ផងដែរ» ដោយបានបន្ថែមថា ការអនុវត្តតម្រូវឲ្យមានការពិភាក្សាកម្រិតបច្ចេកទេសជាបន្តបន្ទាប់ បន្ទាប់ពីមានការវិវត្តការទូតថ្មីៗ នៅតំបន់អឺរ៉ុប។

លោកបានបញ្ជាក់ថា អាទិភាពឥឡូវនេះ គឺធានានូវការអនុវត្តជំហានចុងក្រោយនៃកិច្ចព្រមព្រៀងយ៉ាងពេញលេញ រួមទាំងវិធានការទាក់ទងនឹងស្ថិរភាព និងការធានាសន្តិសុខ ក្នុងតំបន់។ លោក Barrot បានព្រមានថា បើគ្មានកិច្ចព្រមព្រៀងនេះទេ តំបន់នេះប្រឈមនឹងអស្ថិរភាពយូរអង្វែង ដោយបន្ថែមថា កិច្ចព្រមព្រៀងនេះ គឺចាំបាច់ដើម្បីការពារការកើនឡើងនូវភាពតានតឹងបន្ថែមទៀត និងផលប៉ះពាល់ដល់សេដ្ឋកិច្ចដែលទាក់ទងនឹងផ្លូវថាមពល។
ជាមួយគ្នានេះ រូបមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា បារាំងនឹងនៅតែចូលរួម ក្នុងកិច្ចប្រឹងប្រែងផ្នែកការទូត និងការសម្របសម្រួលជាមួយដៃគូអន្តរជាតិ ខណៈដែលការអនុវត្តកិច្ចព្រមព្រៀងនេះបន្តទៅមុខ។
គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២៨នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួស អំឡុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែល នៅទូទាំងភាគខាងត្បូងលីបង់ ចាប់តាំងពីព្រឹកថ្ងៃសុក្រនេះ ដែលជាការកើនឡើងនូវភាពតានតឹងដ៏អាក្រក់បំផុត ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានគោលបំណងបញ្ចប់សង្គ្រាមនៅលើសមរភូមិជាច្រើន ក្នុងនោះរួមទាំងលីបង់ផងដែរ៕


