ស្របពេលដែលរលកកម្តៅវាយប្រហារតំបន់ជាច្រើននៅប្រទេសបារាំង ភ្ញៀវទេសចរ និងអ្នកស្រុកបាននាំគ្នារកកន្លែងជ្រកនៅជិតព្រែក Canal Saint-Martin របស់ទីក្រុងប៉ារីស ដើម្បីគេចចេញពីសីតុណ្ហភាពខ្ពស់ ។
មាត់ព្រែកមានម្លប់ និងមានទឹក បានធ្វើឲ្យព្រែកមួយនេះ ក្លាយជាទីកន្លែងដ៏ពេញនិយមមួយ សម្រាប់ការសម្រាកនៅពេលថ្ងៃ ។
អ្នកស្រី Shyane Pokeda គឺជាភ្ញៀវទេសចរមួយរូបមកពីកាណាដា ដែលស្ថិតនៅក្នុងចំណោមមនុស្សហែលទឹកក្នុងព្រែក បើទោះបីជាគេហាមឃាត់ក៏ដោយនោះ និយាយថា អាកាសធាតុពិតជាក្តៅខ្លាំងណាស់ ពេលដែលអាកាសធាតុកើនឡើងលើសពី ៣០អង្សាសេបែបនេះ ។
យោងតាមសេវាឧតុនិយមជាតិបារាំង បានឲ្យដឹងថា សីតុណ្ហភាពបានឈានដល់ ៣៤អង្សាសេនៅទីក្រុងប៉ារីស ហើយត្រូវបានគេរំពឹងថានឹងឡើងដល់ ៤០អង្សាសេ នៅតំបន់មួយចំនួនក្នុងប្រទេសបារាំង ។
ខណៈពេលនោះដែរ សីតុណ្ហភាពនៅទូទាំតំបន់ជាច្រើនរបស់អាល្លឺម៉ង់ បានឡើងដល់ជាង ៣០អង្សាសេដូចគ្នា ស្របពេលដែលអ្នកឧតុនិយមព្រមានថា ប្រជាពលរដ្ឋនឹងជួបអាកាសធាតុក្តៅខ្លាំងនៅតំបន់ភាគនិរតីប្រទេសនាចុងសប្តាហ៍នេះ ៕

